ព័ត៌មានទាន់ហេតុការណ៍៖

ពិធីក្រុងពាលី និងសូត្រមន្ត​អង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរ ដង្ហែទៅកាន់វត្តខ្មែរក្រោម ត្រូវបានរៀបចំនៅវិមាន៧មករា

ចែករំលែក៖

ភ្នំពេញ៖ ពិធីសាសនារួមមានការក្រុងពាលី និងសូត្រមន្តអង្គកឋិនទានមហាសាមគ្គីគ្រួសារខ្មែរដង្ហែទៅកាន់វត្តពោធិគិរីវង្សារាម ខេត្តត្រាវិញ ប្រទេស​វៀត​ណាម ត្រូវបានរៀបចំនៅរសៀលថ្ងៃអាទិត្យទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះហើយ​ ដែលប្រព្រឹត្តទៅនៅវិមាន៧មករា ទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតី​ភាព​សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាក​បាទក្រហមកម្ពុជា និងសម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា។ 

ក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ព្រមទាំងសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋា​ភិ​បាល​ជាច្រើនរូបទៀត។

ពិធីបែបសាសនានៃអង្គកឋិនមហាសាមគ្គីគ្រួសារដង្ហែទៅកាន់ខ្មែរក្រោមនាពេលនេះ បានប្រព្រឹត្ត​ទៅ​តាមលំដាប់លំដោយបែបបទប្រពៃណីរបស់ខ្មែររួមមាន៖ ពិធីក្រុងពាលី ពិធីចម្រើនព្រះបរិត្ត និងការសម្តែងព្រះធម្មវិសេសទេសនាដោយសម្តេចព្រះវនរ័ត កិត្តិបណ្ឌិត ណយ ច្រឹក ព្រះសង្ឃនាយករងទី២ នៃគណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា។

អង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោមនាពេលនេះ គឺជាព្រឹត្តិការណ៍ដ៏ក្រម ហើយក៏ត្រូវបាន​ចាត់​ទុក​ជា​ពិធីបុណ្យជាប្រវត្តិសាស្ត្រមួយផងដែរ។ អង្គកឋិនទាននេះត្រូវបានប្រសិទ្ធ​នាមជាអង្គកឋិន​មហា​សា​​ម​គ្គីគ្រួ​សារខ្មែរ ព្រោះជាអង្គឋិនកើតឡើងដោយការរួបរួមដ៏អស្ចារ្យរវាងស្ថាប័នពុទ្ធចក្រ និង​អាណា​ចក្រ ហើយអាណាចក្រទៀតសោត គឺមានការចូលរួមទាំងស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងរាជ​រដ្ឋា​ភិបាល។

តាមកម្មវិធីបុណ្យបន្ទាប់ពីការរៀបចំពិធីសាសនានារសៀលថ្ងៃនេះរួចរាល់ហើយនោះ នៅវេលាព្រឹក​ថ្ងៃចន្ទ ទី៤ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នឹងដឹកនាំដង្ហែអង្គកឋិនទានឆ្ពោះ​ទៅ​កាន់វត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀម ដែលគ្រោងដល់វត្តនៅពេលរសៀល។ លុះព្រឹកថ្ងៃ​ទី៥ ខែវិច្ឆិកា សម្តេចកិត្តិព្រឹទ្ធបណ្ឌិតនឹងរៀបចំប្រគេនយាគូព្រះសង្ឃនៅវត្តស្វាយសៀមថ្មី បន្ទាប់​មក​ដង្ហែអង្គកឋិនទានប្រទក្សិណជុំវិញព្រះវិហារ និងវេរប្រគេនអង្គកឋិនទានដល់ព្រះសង្ឃ។

ទីអារាមជាមែកធាងដ៏សំខាន់នៃវប្បធម៌ខ្មែរ នៅខ្មែរក្រោមមកដល់ពេលបច្ចុប្បន្ននេះមាន​ទី​អា​រាម​​រហូត​ដល់ទៅ៤៦១វត្ត ដោយឡែកនៅខេត្តត្រាវិញ មានវត្តចំនួន១៤៣វត្ត។ អង្គកឋិនដែលរៀបចំដោយស្ថាប័នសង្ឃ និងស្ថាប័នដឹកនាំជាតិរបស់កម្ពុជាដង្ហែទៅ​កាន់​ខ្មែរក្រោមមិនធ្លាប់មាននោះឡើយ។ ព្រឹត្តិការណ៍នៃអង្គកឋិនមហាសាមគ្គីគ្រួសារខ្មែរនាពេល​នេះ បាននាំមកនូវការសាទរ និងរីករាយយ៉ាងជ្រាលរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសព្រះសង្ឃ និងប្រជាពលរដ្ឋខ្មែរក្រោម។ អង្គកឋិនទាននេះ ក៏បានបង្ហាញឱ្យឃើញច្បាស់ពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះព្រសង្ឃ ក៏ដូចជាព្រះពុទ្ធសាសនានៅខ្មែរក្រោម។

បច្ច័យបានពីពិធីបុណ្យកឋិនទានមហាសាមគ្គីគ្រួសារខ្មែរនាពេលនេះ ក្រៅពីប្រគេនដល់វត្តពោធិគិរីវង្សារាមហើយនោះ ក៏នឹងប្រគេនដល់វត្ត១៤២ផ្សេងទៀត នៅក្នុងខេត្តត្រាវិញផងដែរ។

សូមបញ្ជាក់ថា កឋិនទាន ជាបុណ្យប្រពៃណីព្រះពុទ្ធសាសនា ដែលមានសម្តែងទុកក្នុង ព្រះវិន័យ​បិដក មហាវគ្គ កឋិនក្ខន្ធកៈ ដែលទាយក ទាយិកាមានសទ្ធាជ្រះថ្លា នាំយកចីវរទៅ​វេរ​ប្រគេនព្រះ​ភិក្ខុ​សង្ឃ ដែលបានគង់ចាំវស្សាអស់ត្រីមាសក្នុងអាវាសវត្តណាមួយនិងជាទានវិសេស មានលក្ខណៈ​ប្លែក​ជាងទានដទៃ៥យ៉ាង ភិក្ខុសង្ឃបានក្រាលគ្រងកឋិនទទួលបានសង្ឃលាភ និងអានិសង្ស ៥ ហើយអ្នកប្រគេនកឋិនចីវរ ក៏ទទួលបានអានិស្ស៥ផងដែរ៕

ដោយ​៖ តារា​


ចែករំលែក៖