សារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានផ្សាយថា នៅថ្ងៃអាទិត្យនេះ កូរ៉េខាងត្បូង ជប៉ុន ព្រមទាំងសហរដ្ឋអាមេរិក បានធ្វើសមយុទ្ធយោធាផ្លូវអាកាសរួមគ្នា ដោយយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ ១គ្រឿង ក៏បានចូលរួមផងដែរ។
ការធ្វើសមយុទ្ធរួមគ្នាខាងលើរវាងប្រទេសទាំង៣ កើតមានឡើងបន្ទាប់ពីទីក្រុងព្យុងយ៉ាង បានបាញ់តេស្តមីស៉ីលបាលិស្ទីគអន្តរទ្វីប ICBM ទំនើបបំផុតរបស់ខ្លួន ហៅថា Hwasong-19 ក្នុងសប្តាហ៍នេះ។ យោធាកូរ៉េខាងត្បូង បាននិយាយថា អំឡុងការធ្វើសមយុទ្ធនេះ កូរ៉េខាងត្បូងបានចល័តយន្តហោះចម្បាំង F-15K និង KF-16 រីឯជប៉ុនបានចល័តយន្តហោះចម្បាំង F-2 ខណៈដែលអាមេរិកបានចល័តយន្តហោះដែលអាចទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ គឺ B-1B។
នេះលើកទី៤ហើយ នៅក្នុងឆ្នាំនេះ ដែលយន្តហោះទម្លាក់គ្រាប់បែកអាមេរិក B-1B ត្រូវបានចល័តមកកាន់ឧបទ្វីបកូរ៉េ និងជាលើកទី២ ដើម្បីចូលរួមការធ្វើសមយុទ្ធផ្លូវអាកាសត្រីភាគីបែបនេះ ក្រោមគោលដៅទប់ទល់ការគំរាមកំហែងផ្នែកយោធារបស់ទីក្រុងព្យុងយ៉ាង។ បើតាមទីក្រុងព្យុងយ៉ាងផ្ទាល់ ព្រមទាំងទីក្រុងសេអ៊ូល និងទីក្រុងតូក្យូ មីស៉ីល ICBM របស់កូរ៉េខាងជើងដែលត្រូវបានធ្វើតេស្តក្នុងសប្តាហ៍នេះ គឺហោះបានខ្ពស់និងឆ្ងាយជាង មីស៉ីល ICBM មុនៗទាំងអស់៕ ដោយ៖ ធីរីណា
រូបថត៖ YONHAP