ខេត្តរតនគិរី៖ នាយរងប៉ុស្ដិ៍ឃុំតាវែងក្រោមម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់នៅកណ្តាលផ្លូវក្នុងឯកសណ្ឋានឈុតនគរបាលជាតិ បង្កការភ្ញាក់ផ្អើលទាំងព្រឹកព្រលឹម។
ហេតុការណ៍នេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញនៅវេលាម៉ោង៥៖១០នាទីព្រឹកថ្ងៃទី២ ខែវិច្ចិកា ឆ្នាំ២០២៤នៅត្រង់ចំណុចស្ពានទី៥ ស្ថិតក្នុងភូមិតាវែង ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី។
ប្រភពពីកម្មករចៀរជ័រកៅស៊ូនិយាយថាពេលខ្លួនប្រទះឃើញម៉ូតូនិងមនុស្សដេកស្លាប់ក្បែរផ្លូវនោះភ្លាមក៏ប្រញាប់រាយការណ៍ទៅសមត្ថកិច្ចក្នុងមូលដ្ឋាននោះភ្លាមៗដែរ។
ពេលសមត្ថកិច្ចទទួលបានព័ត៌មានភ្លាមក៏បានចាត់ចែងកម្លាំងជំនាញសណ្តាប់ធ្នាប់ កម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយកម្លាំងរដ្ឋបាលប៉ុស្ថិ៍ឃុំតាវែងក្រោមចុះទៅដល់ចំណុចកើតហេតុខាងលើភ្លាមៗដែរ។
យោងតាមការត្រួតពិនិត្យធ្វើកោសល្យវិច័យរបស់កម្លាំងជំនាញឃើញថា ពិតជាគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូដោយខ្លួនឯងពិតប្រាកដមែន។
សពជនរងគ្រោះមានឈ្មោះ សក្តិ សិទ្ធ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិព្រៅ មានឋានះតួនាទី នាយរងប៉ុស្ដិ៍រដ្ឋបាលឃុំតាវែងក្រោម និងមានទីលំនៅភូមិតាវែងលើ ឃុំតាវែង ស្រុកតាវែង ខេត្តរតនគិរី។
សមត្ថកិច្ចប៉ុស្ដិ៍រដ្ឋបាលឃុំតាវែងក្រោមបានបញ្ជាក់ថា នៅវេលាម៉ោង៤៖២០នាទីល្ងាចថ្ងៃទី១ ខែវិច្ចិកា ឆ្នាំ២០២៤ ជនរងគ្រោះខាងលើបានស្លៀកពាក់ឯកសណ្ឋានឈុតហើយចាកចេញពីប៉ុស្ដិ៍ដោយមធ្យោបាយម៉ូតូ១គ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខរតនគិរី1F-6113 ដើម្បីទៅបំពេញធុរ:កិច្ចមួយចំនួន នៅភូមិទុន ស្ថិតក្នុងឃុំតាវែងលើនោះ។
ប្រភពពីឈ្មោះ តូញ តងវិន ភេទប្រុសអាយុ៣០ឆ្នាំ ជាពលរដ្ឋនៅក្នុងកម្មពិធីផឹកសុីមួយនោះបានប្រាប់សមត្ថកិច្ចថា ជនរងគ្រោះគាត់បំពេញកិច្ចការរួចរាល់ក៏បានចូលរួមក្នុងកម្មពិធីផឹកសុីបន្តិចបន្តួចជាមួយបងប្អូនប្រជាពលរដ្ឋអ្នកភូមិទុននោះដែរ ក្នុងកម្មពិធី(បោកស្រូវ)។
លុះរហូតដល់ម៉ោង៩៖៣០នាទីយប់ថ្ងៃដដែលនោះទើបគាត់(ជនរងគ្រោះ)ទំនងផឹកអស់ច្រើនហើយក៏សុំម្ចាស់កម្មពិធីបន្តដំណើរវិលត្រឡប់ទៅប៉ុស្ដិ៍វិញក្នុងទិសដៅពីលិចទៅកើត ប្រហែលជាដល់ចំណុចកើតហេតុក៏ជួបឧបទ្ទវហេតុដួលម៉ូតូស្លាប់បាត់បង់ជីវិតតែម្តងទៅ។
បច្ចុប្បន្នសាកសពជនរងគ្រោះនិងម៉ូតូ១គ្រឿងសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ជីវ័ន្ត