ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ម្នាក់ជាទណ្ឌិតដែលត្រូវរំដោះ និងម្នាក់ដែលជាអ្នកមករំដោះនៅពន្ធនាគារខេត្តស្វាយរៀងបានហើយ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានឲ្យបានជ្រាបអំពីប្រតិបត្តិការស្រាវជ្រាវ ករណីរំដោះអ្នកទោសចេញពីពន្ធនាគារខេត្តស្វាយរៀង ។ 

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង១៦៖៤០នាទី ឈ្មោះ ហ្វៀង ឌីងទន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិវៀតណាម បានមកសួរសុខទុកឈ្មោះ ង្វៀង តុងហ្វឹង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម នៅពន្ធនាគារខេត្តស្វាយរៀង។ បន្ទាប់ពីសួរសុខទុក្ខបានប្រហែល៥នាទី ឈ្មោះ ហ្វៀង ឌីងទន់ បានដើរចេញមកខាងក្រៅ រួចឈ្មោះ ង្វៀង តុងហ្វឹង រត់មកតាមក្រោយដោយបានយកកាំភ្លើង១ដើម (មិនចាំម៉ាក) ពីឈ្មោះ ហ្វៀង ឌីងទន់ ធ្វើការភ្ជុងទៅលើមន្ត្រីការពារ រួចបានឡើងម៉ូតូធ្វើការរត់គេចខ្លួន។

ក្រោយពីទទួលបានព័ត៌មានខាងលើ ដោយអនុវត្តតាមបទបញ្ជារបស់លោក នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ, កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេនីយ៍ឯក ហែម បូណា, វរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីធ្វើការស៊ើបអង្កេត និងស្រាវជ្រាវទណ្ឌិត និងបក្ខពួកមកផ្តន្ទាទោស។

ផ្អែកតាមការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ជាមួយបណ្ដាអង្គភាព និងស្ថាប័នពាក់ព័ន្ធ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានសហការ និងផ្ដល់ព័ត៌មានជូនសមត្ថកិច្ចវៀតណាម ហើយឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ម្នាក់ជាទណ្ឌិតដែលត្រូវរំដោះ និងម្នាក់ដែលជាអ្នកមករំដោះ។

បច្ចុប្បន្នកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កំពុងសហការជាមួយអង្គភាព ស្ថាប័នពាក់ព័ន្ធដើម្បីចាត់ការបន្ដតាមនីតិវិធី៕

ដោយ ៖ សិលា


ចែករំលែក៖