ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា បាន ស្នើឱ្យសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី «មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោស ត្រូវបានរួចខ្លួននោះឡើយ»។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបង្ហោះលើផេកផ្លូវការថា ៖ ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។
សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោស ដោយសារជាប់ពាក់ព័ន្ធឆបោកជាមួយ លី សាម៉េត នេះ។
សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួន ហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។
សម្តេចតេជោ ហ៊ុន សែន ថា ៖ លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយ នគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។
សម្តេចតេជោ ហ៊ុន សែន ថា ៖ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ ៕
ដោយ ៖ សិលា