ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា៖ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន ប្តេជ្ញាចិត្តឥតងាករេ ក្នុងការធានាយុត្តិធម៌ និងនីតិរដ្ឋ នៅក្នុងតំបន់

ចែករំលែក៖

ប្រទេសសឹង្ហបុរី ៖ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន បានបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេ ក្នុងការធានាយុត្តិធម៌ និងនីតិរដ្ឋនៅក្នុងតំបន់ ខណៈដែលបណ្ដាញឧក្រិដ្ឋកម្មហិរញ្ញវត្ថុ នៅតែបន្តវិវឌ្ឍន៍ និងរីកដុះដាល កិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រទេស ស្របគ្នាជាមួយនឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ និងការបន្តអភិវឌ្ឍសមត្ថភាពរបស់ព្រះរាជអាជ្ញា គឺនៅតែជាចំណុចអាទិភាពចាំបាច់បំផុត និងជាចំណុចស្នូលដែលត្រូវបន្តយកចិត្តទុកដាក់ជាដាច់ខាត ។

បើតាមសេចក្ដីថ្លែងការណ៍រួម ក្នុងសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៤ នៅប្រទេសសឹង្ហបុរី កាលពីចុងសប្ដាហ៍មុននេះ បានគូសបញ្ជាក់បន្ថែមអំពីតម្រូវការក្នុងការបង្កើនភាពជឿនលឿនផ្នែកបច្ចេកវិទ្យា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ បច្ចេកវិទ្យាដែលកំពុងរីកចម្រើន ដូចជា កោសលវិច្ឆ័យ ឌីជីថល និងបញ្ញាសិប្បនិមិត្ត ត្រូវបានគេទទួលស្គាល់ថា ជាឧបករណ៍សំខាន់ក្នុងការតាមដានលំហូរហិរញ្ញវត្ថុខុសច្បាប់ និងរួមចំណែកក្នុងការពង្រឹងសមត្ថភាពព្រះរាជអាជ្ញា ។ 

ថ្លែងសុន្ទរកថាគន្លឹះក្នុងឱកាសចូលរួមបិទសន្និសីទអគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១៤ លោកស្រី ជា លាង អគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់លើសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ក្នុងការប្រឈមមុខនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ដែលកាន់តែស្មុគស្មាញ និងមានចរិតលក្ខណៈជាឧក្រិដ្ឋកម្មឆ្លងដែន តួយ៉ាងដូចជា៖បទល្មើសសំអាតប្រាក់ ការឆបោក និងហិរញ្ញប្បទានភេរវកម្មជាដើម។

 

លោកស្រី ជា លាង ក៏បានលើកឡើងអំពីតួនាទីយ៉ាងសំខាន់របស់ព្រះរាជអាជ្ញា ក្នុងនាមជាអ្នកការពារយុត្តិធម៌ ក្នុងស្ថានភាពនៃឧក្រិដ្ឋកម្មដែលកាន់តែមានភាពស្មុគស្មាញ ចាក់ស្រេះ និងលំបាកនេះ ដោយព្រះរាជអាជ្ញា គឺជាតួអង្គដែលមិនអាចខ្វះបាន និងមានភារកិច្ចសំខាន់ក្នុងការធានាការផ្តល់យុត្តិធម៌ និងធានានីតិរដ្ឋ ។ ព្រះរាជអាជ្ញា គឺជាអ្នកដែលឈរនៅជួរមុខ ដើម្បីបង្ហាញចេញនូវកិច្ចខិតខំប្រឹងប្រែងរួមក្នុងការពង្រឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មហិរញ្ញវត្ថុ ឆ្ពោះទៅការកាត់ផ្តាច់បណ្តាញឧក្រិដ្ឋកម្ម និងការផ្តន្ទាទោសលើក្រុមឧក្រិដ្ឋជន ។ 

លោកស្រីអគ្គព្រះរាជអាជា្ញកម្ពុជា ក៏បានរំលឹក និងគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធ និងផ្តល់កិច្ចសហការជាមួយប្រទេសចិន និងសមភាគីអាស៊ានទាំងអស់ ក្នុងគោលបំណងពង្រឹងសមត្ថភាពព្រះរាជអាជ្ញា និងកសាងបណ្តាញដែលចាំបាច់ ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។ តាមរយៈសន្និសីទនេះ ប្រមុខកំពូលនៃស្ថាប័នអយ្យការ ពោល អគ្គព្រះរាជអាជ្ញា និងអគ្គរដ្ឋអាជ្ញា បានប្តេជ្ញាក្នុងការពារប្រព័ន្ធហិរញ្ញវត្ថុ ក្នុងតំបន់ឱ្យមានភាពធន់ ទំនុកចិត្តខ្ពស់ និងសុចរិតភាព ក្នុងគោលបំណងធានា និងការពារសន្តិសុខ និងវិបុលភាពនៃប្រជាជាតិក្នុងតំបន់ ៕

ប្រភព ៖ «CCFR China state-controlled media »


ចែករំលែក៖