ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យចំនួន៣ ទៅតុលាការ ធ្វើសកម្មភាពឆក់៦ករណី

ចែករំលែក៖

ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី ៤ ខែ វិឆ្ឆិកា ២០២៤ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យចំនួន៣នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនិងករណី ឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋចំនួន០៦ករណី។

ការបញ្ជូនខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆក់នេះ ធ្វើឡើងបន្ទាប់ពីកម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទទួលបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ លោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោករវសេនីយ៍ឯក ម៉ម សាវន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ។ 

កម្លាំងបានស្រាវជ្រាវរហូតឈានដល់ ការឃាត់ខ្លួនជនសង្ស័យ ទាំង៣នាក់ នៅថ្ងៃទី០២​ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៣និង០០នាទី នៅចំណុច​ផ្លូវព្រះមុន្នីរ៉ត​ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទាំង៣នាក់ ទី១មានឈ្មោះ រិន​ សុវណ្ណារ័ត្ន ហៅ គោ អាយុ ១៨ឆ្នាំ .ទី២ ឈ្មោះ ភក្តី​ ដូណា ហៅ ភូ អាយុ ១៨ឆ្នាំ .ទី៣ ឈ្មោះ អាត​ លៃហេង​ ហៅ ហេង  អាយុ ១៨ឆ្នាំ។

របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពឆក់ ចំនួន៦លើក មាន៣លើក ក្នុងមូលដ្ឋានសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង និង៣លើកទៀត ក្នុងមូលដ្ឋានខណ្ឌមានជ័យ ។និងដកហូតម៉ូតូធ្វើ សកម្មភាពចំនួន២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ ការិយាល័យបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖