ព័ត៌មានទាន់ហេតុការណ៍៖

លោក លី សាម៉េត ហៅគ្រូមា ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ ៖ លោក លី សាម៉េត ហៅគ្រូមា ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង១០ព្រឹក ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

សូមជម្រាបថា លោក លី សាម៉េត ហៅគ្រូមា បានចូលសារភាព នៅល្ងាចថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ម្សិលមិញ នៅខេត្តព្រះសីហនុ ហើយត្រូវបានកម្លាំងនគរបាលបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ក្រោយបញ្ជូនមកដល់ គេឃើញវត្តមានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ សួរចម្លើយលោក លី សាម៉េត ដោយផ្ទាល់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា បានស្នើឱ្យសមត្ថកិច្ចនាំខ្លួន លោក លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី «មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោស ត្រូវបានរួចខ្លួននោះឡើយ»។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ ព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ម្សិលមុិញ បានបង្ហោះលើផេកផ្លូវការថា ៖ ខ្ញុំសូមបញ្ជាក់ជូនថា មិនមែនដោយសារតែវីដេអូសារភាពកំហុស និងសូមទោសមួយនេះ លី សាម៉េត ត្រូវបានរួចខ្លួននោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ ជំនួយការខ្ញុំម្នាក់ឈ្មោះ ដួង តារា ត្រូវបានឃាត់ខ្លួនរង់ចាំការកាត់ទោស ដោយសារជាប់ពាក់ព័ន្ធឆបោកជាមួយ លី សាម៉េត នេះ។

សម្តេចតេជោ ហ៊ុន សែន បន្តថា ៖ ពេលនេះ លី សាម៉េត ក្រោយពីរត់គេចខ្លួនបានបង្ហាញខ្លួន ហើយសូមសមត្ថកិច្ចដែលជានគរបាល ឬកងរាជអាវុធហត្ថទៅនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការដើម្បីកាត់ទោសតាមច្បាប់។

សម្តេចតេជោ ហ៊ុន សែន ថា ៖ លី សាម៉េត បានសុំពេលព្យាបាលខ្លួននៅផ្ទះមុនពេលចូលខ្លួនឱ្យតុលាការកាត់ទោស។ មិនអាចធ្វើបែបនេះបានឡើយ នគរបាលយុត្តិធម៌ត្រូវតែនាំខ្លួន លី សាម៉េត បញ្ជូនទៅតុលាការតាមនីតិវិធី។

សម្តេចតេជោ ហ៊ុន សែន ថា ៖ ខ្ញុំសង្ឃឹមថា សមត្ថកិច្ចមិនបន្តឱ្យ លី សាម៉េត បានស្ថិតនៅក្រៅសំណាញ់ច្បាប់ទៀតទេ ៕

ដោយ ៖ សិលា


ចែករំលែក៖