ព័ត៌មានទាន់ហេតុការណ៍៖

Man City និង Real Madrid បរាជ័យដូចគ្នានៅ Champions League

ចែករំលែក៖

ក្រុមខ្លាំងៗចំនួន២បានបរាជ័យដូចគ្នាក្នុងការប្រកួត Champions League សប្តាហ៍ទី៤របស់ខ្លួន ដោយក្រុមខ្លាំងមកពីអង់គ្លេស Manchester City បានបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះ Sporting មកពីព័រទុយហ្គាល់ ក្នុងលទ្ធផល ៤ទល់១។ រីឯក្រុមខ្លាំងមកពីអេស្ប៉ាញ និងជាម្ចាស់ការពារតំណែងជើងឯក Real Madrid បានបរាជ័យក្នុងទឹកដីខ្លួនឯងក្នុងលទ្ធផល ៣ទល់១ ក្រោមថ្វីជើងក្រុមភ្ញៀវ AC Milan។

លោក Ruben Amorim ដែលជាគ្រូបង្វឹករបស់ក្រុម Manchester United ខាងមុខ បានដឹកនាំជ័យជម្នះដ៏អស្ចារ្យបំផុតមួយរបស់ក្រុម Sporting សម្រាប់ការប្រកួតក្នុងផ្ទះចុងក្រោយរបស់គាត់ដោយយកឈ្នះ Manchester City ចំពោះការបរាជ័យជាលើកទី៣ជាប់ៗគ្នាជាលើកដំបូងចាប់តាំងពីខែមេសា ឆ្នាំ២០១៨របស់ក្រុមមេឃខៀវមួយនេះ។

នេះជាការបរាជ័យដ៏ធ្ងន់ធ្ងរបំផុតរបស់ Man City ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២០ ហើយជាលើកទី២ក្នុងការលើកពានរបស់គាត់នៅ Man City ដែលលោក Pep Guardiola ត្រូវបានផ្តួល៣ប្រកួតជាប់គ្នាក្នុងរដូវកាលតែមួយ។

ដើម្បីបញ្ចប់រាត្រីដ៏ក្រៀមក្រំសម្រាប់ Man City ខណៈដែលខ្សែប្រយុទ្ធ Erling Haaland បានស៊ុតបាល់ប៉េណាល់ទីនៅតង់ទី២មិនចូល១គ្រាប់ផងដែរ។ កីឡាករ Viktor Gyokeres អតីតកីឡាករ Scandanavian របស់ Sporting ដែលជាអតីតកីឡាករលេងឲ្យក្លិប Coventry City បានរកគ្រាប់បាល់៣គ្រាប់ជាមួយនឹងការស៊ុតបញ្ចូលទីដ៏អស្ចារ្យ។ កីឡាករសញ្ជាតិស៊ុយអែតរូបនេះបានរកគ្រាប់បាល់ទី១នៅនាទីទី៣៩, គ្រាប់បាល់ទី២នៅនាទីទី៤៩ និងគ្រាប់បាល់ទី៣នៅនាទីទី៨០ ខណៈគ្រាប់បាល់នៅនាទីទី៤៦ ដោយកីឡាករ Araujo ក៏រកបានសម្រាប់ Sporting ផងដែរ ក្រោយពី Phil Foden រកបានគ្រាប់បាល់នាំមុខឲ្យ Man City តាំងតែពីនាទីទី៤។

ចំពោះលោក Amorim គាត់បាននិយាយលេងកាលពីថ្ងៃចន្ទថា ជ័យជម្នះមួយអាចមានន័យថាអ្នកគាំទ្ររបស់ United ចាប់ផ្តើមប្រៀបធៀបគាត់ទៅនឹងលោក Sir Alex Ferguson។

ចំណែកអ្នកចាត់ការក្រុម Real Madrid លោក Carlo Ancelotti និយាយថា ក្រុមរបស់គាត់មានការព្រួយបារម្ភបន្ទាប់ពីចាញ់ AC Milan នៅកីឡដ្ឋាន Santiago Bernabeu។ Real Madrid បានបរាជ័យក្នុងផ្ទះខ្លួនឯង និងបានចាញ់២ប្រកួតក្នុងចំណោម៤ប្រកួតដំបូងរបស់ពួកគេនៅក្នុងក្របខ័ណ្ឌ Champions League ។

ការស៊ុតបាល់ប៉េណាល់ទីរបស់ Vinicius Junior តាមស្មើសម្រាប់ Real Madrid បន្ទាប់ពីការស៊ុតរបស់កីឡាករ Malick Thiaw នៅនាទីទី១២ ជួយឲ្យ AC Milan នាំមុខ។ ប៉ុន្តែការស៊ុតពីកីឡាករ Alvaro Morata និង Tijjani Reijnders ធានាបាននូវជ័យជម្នះដែលសមនឹងទទួលបានសម្រាប់ AC Milan នៅនាទីទី៣៩ និងនាទីទី៧៣។

Real Madrid ឥឡូវនេះបានចាញ់២ប្រកួតចុងក្រោយរបស់ពួកគេបន្ទាប់ពីត្រូវបានគូប្រជែង Barcelona យកឈ្នះ ៤-០ ក្នុង El Clasico ដែលឥឡូវនេះពួកគេតាមពីក្រោយដោយ៩ពិន្ទុនៅក្នុង La Liga។ ក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុប Real Madrid ដែលគ្រប់គ្រងដោយលោក Ancelotti មានត្រឹមតែ៦ពិន្ទុប៉ុណ្ណោះពីការប្រកួតចំនួន៤ក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីការបរាជ័យរបស់ពួកគេនៅលើទឹកដីក្រុម Lille កាលពីខែតុលា។

AC Milan ក៏មានការចាប់ផ្តើមដូចគ្នាក្នុងរដូវកាលនេះផងដែរ ដោយក្រុមនេះទទួលបានជ័យជម្នះតែមួយលើកគត់ពីការប្រកួត Champions League ៣លើកដំបូងរបស់ពួកគេ និងឈរនៅលេខរៀងទី៧ក្នុងក្របខ័ណ្ឌ Serie A ដែលមាន៨ពិន្ទុតាមពីក្រោយក្រុមនាំមុខ Napoli ប៉ុន្តែការបង្ហាញដ៏គួរឱ្យចាប់អារម្មណ៍មួយនៅទឹកដី Real Madrid ត្រូវបានសរសើរដោយអ្នកចាត់ការរបស់ពួកគេលោក Paulo Fonseca ។

នេះជាលទ្ធផលដ៏ខកចិត្តមួយសម្រាប់អ្នកគាំទ្រ Real Madrid ដែលបានឃើញ Kylian Mbappe ដែលឥឡូវរកបានតែ១គ្រាប់ក្នុងការប្រកួតចំនួន៦បន្តការតស៊ូនៅមុខ ដើម្បីស្វែងរកគ្រាប់បាល់។ ទីតាំងដែលពេញចិត្តរបស់កីឡាករវ័យ២៥ឆ្នាំលេងគឺនៅតំបន់ស្លាបឆ្វេង ប៉ុន្តែលោក Ancelotti បានរក្សា Vinicius នៅក្នុងទីតាំងនោះ ដោយបង្ខំឱ្យ Mbappe លេងនៅតំបន់កណ្តាលទៅវិញ ៕

ដោយ៖ ភារៈ (រូបភាព ៖ BBC)


ចែករំលែក៖