ភ្នំពេញ ៖ តើលោកអ្នកស្គាល់មេភូមិរបស់អ្នកឬទេ? តើគាត់មានឈ្មោះអ្វី? តើមេភូមិជានរណា? ឥឡូវយើងមកស្វែងយល់ពីតួនាទី និងភារកិច្ចរបស់គាត់។ មេភូមិជាតំណាងឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងភូមិ និងជាខ្សែរយៈចម្បងសម្រាប់តភ្ជាប់ទំនាក់ទំនងរវាងភូមិនឹងក្រុមប្រឹក្សា ឃុំ-សង្កាត់។
យោងតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្តីពីបែបបទ នីតិវិធី នៃការជ្រើសរើសមេភូមិ ការចូលកាន់តំណែង ការផ្លាស់ប្តូរមេភូមិ ការតែងតាំងជំនួយការមេភូមិ និងតួនាទី ភារកិច្ចរបៀបរបបធ្វើការងាររបស់ភូមិ ចុះនៅថ្ងៃទី១៧ ខែ មីនា ឆ្នាំ២០០៦ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិត្រូវបានកំណត់តួនាទីភារកិច្ច និងរបៀបរបបការងារយ៉ាងជាក់ច្បាស់ចំនួន៨ចំណុចដូចខាងក្រោម។
១.បង្កើនការពិគ្រោះយោបល់ ទទួលការណែនាំ និងធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់របស់ខ្លួន។ ២.ចូលរួមកិច្ចប្រជុំគណៈកម្មាធិការនានារបស់ឃុំ-សង្កាត់នៅពេលដែលក្រុមប្រឹក្សាឃុំ-សង្កាត់តម្រូវដើម្បីផ្តល់យោបល់អំពីកិច្ចការដែលពាក់ព័ន្ធក្នុងភូមិខ្លួន។ ៣.ធ្វើសេចក្តីរាយការណ៍រាល់បញ្ហាដែលពាក់ព័ន្ធនឹងភូមិរបស់ខ្លួន។ ៤.មេភូមិត្រូវទទួលខុសត្រូវអនុវត្តកិច្ចការដែលបានប្រគល់ឱ្យដោយក្រុមប្រឹក្សាឃុំ-សង្កាត់។ ៥.មេភូមិត្រូវចូលរួមកិច្ចប្រជុំរបស់ក្រុមប្រឹក្សាករណីមានសំណូមពរ។ ៦.មេភូមិមិនមានសិទ្ធិអំណាចចុះហត្ថលេខាលើកិច្ចសន្យា ឬផ្ទេរអំណាច ឬចាត់ចែងក្នុងនាមមេភូមិបានទេ។ ៧.មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ត្រូវជួបប្រជុំគ្នាយ៉ាងតិចមួយដងក្នុងមួយខែ និង៨.មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ត្រូវធ្វើការពិគ្រោះឱ្យបានទៀងទាត់ជាមួយប្រជាពលរដ្ឋក្នុងភូមិខ្លួន។
ដើម្បីធានាអនុវត្តតួនាទី ភារកិច្ចខាងលើនេះ មេភូមិ អនុប្រធានភូមិ និងសមាជិកភូមិ ត្រូវបានបែងចែកប្រគល់ភារកិច្ចដូចជា មេភូមិទទួលខុសត្រូវរួមក្នុងភូមិរបស់ខ្លួន អនុប្រធានភូមិទទួលជំនួសមេភូមិក្នុងពេលដែលមេភូមិអវត្តមាន សមាជិកភូមិទទួលជួយធ្វើជាលេខាធិការឱ្យមេភូមិ និងទទួលជួយមេភូមិលើការងារស្ថិតិ ការចុះបញ្ជីប្រជាពលរដ្ឋ និងការរក្សាទុកឯកសារនានារបស់មេភូមិ។ មេភូមិក៏អាចបែងចែក ប្រគល់ភារកិច្ចដល់អនុប្រធានភូមិ និងសមាជិកតាមការចាំបាច់ និងធ្វើសេចក្តីរាយការណ៍ជូនមេឃុំ ចៅសង្កាត់សាមីផងដែរ។
សូមបញ្ជាក់ថា អនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ- សង្កាត់ ក្រុមប្រឹក្សាឃុំ- សង្កាត់ ជាអ្នកមានសមត្ថកិច្ចបោះឆ្នោតសម្រេចជ្រើសរើសមេភូមិនៅគ្រប់ ភូមិទាំងអស់ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ការរៀបចំជ្រើសរើសមេភូមិ ត្រូវធ្វើឡើងតែនៅភូមិណាដែលក្រសួងមហាផ្ទៃបានទទួលស្គាល់ជាផ្លូវការ។ ភូមិ ត្រូវបានបង្កើតឡើងដោយប្រកាសរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្រុង ស្រុក ខណ្ឌ បង្កើតដោយអនុក្រឹត្យ ខណៈរាជធានី- ខេត្ត បង្កើតឡើងដោយព្រះរាជក្រឹត្យ៕
ដោយ ៖ លោក សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ