ព័ត៌មានទាន់ហេតុការណ៍៖

ជំនួបពិភាក្សាការងារជាមួយក្រុមហ៊ុន Guangdong Juxiang General Aviation Co., Ltd.

ចែករំលែក៖

ភ្នំពេញ ៖ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាល្ងាចថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានដឹកនាំសហការីទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន Guangdong Juxiang General Aviation Co., Ltd. តំណាងដោយលោក Peter Chen ប្រធានក្រុមប្រឹក្សាភិបាល ក្នុងគោលបំណងបញ្ជ្រាបការឈ្វេងយល់អំពីសក្តានុពល និងបរិយាកាសវិនិយោគលើវិស័យកសិ-ឧស្សាហកម្មនៅកម្ពុជា។ 

មានមតិក្នុងជំនួបខាងលើ លោកអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូដែលបានចំណាយពេលវេលាមកធ្វើទស្សនកិច្ចសិក្សាដោយផ្ទាល់នៅកម្ពុជាដើម្បីសិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីទីផ្សារ និងកាលានុវត្តភាពវិនិយោគលើមុខសញ្ញាកសិកម្មទំនើបដែលរំពឹងថានឹងចូលរួមចំណែកដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍរបៀងមច្ឆា និងអង្ករកម្ពុជា-ចិនឱ្យកាន់តែរីកធំធាត់ជាលំដាប់។ ជាមួយគ្នានេះ ឯកឧត្តមក៏បានធ្វើការគូសរំលេចអំពីគោលនយោបាយគាំទ្រ និងការលើកទឹកចិត្តផ្នែកសារពើពន្ធនានារបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យកសិកម្មសំដៅធ្វើយ៉ាងណាធានាបានថាវិស័យដ៏មានអាទិភាពមួយនេះនឹងកាន់តែមានភាពប្រកួតប្រជែង, បរិយាបន្ន, ទំនើបកម្ម និងធន់នឹងការប្រែប្រួលអាកាសធាតុ។ មុននឹងបញ្ចប់ លោកអគ្គលេខាធិការបានលើកទឹកចិត្តឱ្យភាគីក្រុមហ៊ុនមេត្តាសិក្សាស្វែងយល់ឱ្យបានគ្រប់ជ្រុងជ្រោយជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធសំដៅធានាបាននូវអនុលោមភាពគតិយុត្ត ហើយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារីករាយស្វាគមន៍ជានិច្ចក្នុងការត្រៀមខ្លួនផ្តល់នូវកិច្ចសម្រួលវិនិយោគជូនវិនិយោគិនតាមរយៈយន្តការតុវិនិយោគកសិ-ចំណីអាហារ។

  ជាការឆ្លើយតប លោកប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកអគ្គលេខាធិការដែលបានឆ្លៀតពេលវេលាដ៏មមាញឹកទទួលជួបពិគ្រោះយោបល់ជូនគណៈប្រតិភូប្រកបដោយភាពកក់ក្តៅ។ បន្ទាប់ពីបានស្តាប់ការបរិយាយយ៉ាងក្បោះក្បាយអំពីសក្តានុពល និងវឌ្ឍនភាពថ្មីនៃបរិយាកាសវិនិយោគនៅកម្ពុជា លោកប្រធានបានជម្រាបជូនអំពីឆន្ទៈរបស់ក្រុមហ៊ុនក្នុងការពិនិត្យលទ្ធភាពជ្រើសយកកម្ពុជាជាទីតាំងសម្រាប់បណ្តាក់ទុនវិនិយោគនាពេលខាងមុខក្នុងគោលដៅចូលរួមចំណែកពាំនាំនូវបច្ចេកវិទ្យាថ្មីសម្រាប់បម្រើដល់ឧត្តមប្រយោជន៍នៃវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មរបស់កម្ពុជា។ 

   គួរបញ្ជាក់ជូនផងដែរថា Guangdong Juxiang General Aviation Co., Ltd. គឺជាក្រុមហ៊ុនដែលមានមូលដ្ឋាននៅខេត្ត Guangxi សាធារណរដ្ឋប្រជាមានិតចិន ហើយមានប្រតិបត្តិការធុរកិច្ចយ៉ាងសម្បូរបែប ដូចជា ការផលិតជី, ថ្នាំសម្លាប់សត្វល្អិត,កសិកម្មទំនើប, កសិកម្មឆ្លាតវៃ, ដ្រូនកសិកម្មជាដើម ៕ 

ដោយ ៖ សិលា


ចែករំលែក៖