ភ្នំពេញ៖ យុវជនប្រុសស្រី ៣នាក់បានរងរបួសធ្ងន់និងស្រាល ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកទៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេជិះម៉ូតូឌុបគ្នាយ៉ាងលឿន ជ្រុលទៅបុករថយន្តមួយគ្រឿងបត់ឆ្លងផ្លូវយ៉ាងពេញទំហឹង។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី៦ ខែវិច្ឆិកាឆ្នាំ២០២៤ ស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែន ជ័យរាជធានីភ្នំពេញ។
ជនរងគ្រោះទី១ ឈ្មោះ សួន ស្រីបាល់ ភេទស្រី អាយុ១៨ឆ្នាំ មានទីលំនៅភូមិទូលវិហារ ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង រងរបួសដាច់ប្រអប់ជើងឆ្វេង។
ជនរងគ្រោះទី២ឈ្មោះ ថៃ ស្រីណាន ភេទស្រី អាយុ២០ឆ្នាំ រស់នៅភូមិទូលវិហារ ឃុំស្វាយយា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង រងរបួសរលត់ដៃជើង និងផ្ទៃមុខ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជួយដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ។
តាមប្រភពនៅកន្លែងកើតហេតុ ឱ្យដឹហងថា គេបានឃើញ យុវជនទាំង៣នាក់ជិះម៉ូតូមួយគ្រឿង ម៉ាកឌ្រីមសង់ ពាក់ស្លាកលេខភ្នំពេញ1KP-6499 បណ្ដោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនខណៈ ពេលជិះមកដល់ចំណុចកើតហេតុស្រាប់តែ មានរថយន្តមួយគ្រឿងមិនស្គាល់ ម៉ាកធ្វើដំណើរក្នុងទិសដៅពីលិចមកកើតហេីយបត់ឆ្លងផ្លូវក៏ជ្រុលបុកគ្នានិងម៉ូតូយ៉ាងពេញទំហឹងបណ្ដាលឱ្យម៉ូតូដួលផ្លោងទៅចិញ្ចើមផ្លូវធ្វើឲ្យយុវជនប្រុសស្រីចំនួនបីនាក់រងរបួសធ្ងន់ស្រាល ក្នុងនោះមានយុវតីម្នាក់ បាក់ជើងឆ្វេងចេញឆ្អឹង។
ក្រោយពេលកេីតហេតុ ជនរងគ្រោះត្រូវបាន ក្រុមសង្គ្រោះ ៧១១ កងពលតូចលេខ៧០ ដឹកតាមរថយន្តទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។ សមត្ថកិច្ចមូលដ្ឋានសហការជាមួយនឹងជំនាញចុះទៅដល់ធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្ន ចំណែកឯរថយន្តបង្កសមត្ថកិច្ចនិងធ្វើការស្រាវជ្រាវនៅពេលក្រោយតាមឃាត់យកមកចាត់ការតាមនីតិវិធីច្បាប់ ៕
ដោយ ៖ សុខាសែនជ័យ