ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការបញ្ជាក់ជូនសាធារណជន និងសូមប្រកាសបដិសេធទាំងស្រុង ចំពោះការផ្សព្វផ្សាយតាមរយៈប្រព័ន្ធបណ្ដោញហេ្វសប៊ុក(Facebook)ផេកឈ្មោះ RFA Khmer

ចែករំលែក៖

ខេត្តព្រៃវែង ៖ រដ្ឋបាលខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនសាធារណជន ជ្រាបថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ តាមរយៈប្រព័ន្ធបណ្តាញសង្គម Facebook ដែលមានគណនីផេកឈ្មោះ RFA Khmer បានផ្សព្វផ្សាយ ព័ត៌មានថា ពលរដ្ឋខេត្តព្រៃវែង ស្នើឱ្យរដ្ឋាភិបាលការពារតំបន់វប្បធម៌ នៅតំបន់ចង្កេះភ្នំឈើកាច់។ ពាក់ព័ន្ធករណីនេះ រដ្ឋបាលខេត្តព្រៃវែង សូមជម្រាបជូនថា ៖

១-មិនមានការរំលោភ និងជីកកកាយយកខ្សាច់ភ្នំលក់ពីសំណាក់អង្គភាពសាលាបើកបរនៃអគ្គបញ្ជាការ ទីចាត់ការចលនូប្បត្ថម្ភដូចជាការចុះផ្សាយរបស់ផេកឈ្មោះ RFA Khmer ខាងលើនោះទេ ។

២-តំបន់ឈើកាច់បាភ្នំ ត្រូវបានរាជរដ្ឋាភិបាលសម្រេចចេញអនុក្រឹត្យលេខ២២៤ អនក្រ.បក ចុះថ្ងៃ ព្រហស្បតិ៍ ២រោច ខែទុតិយសាឍ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ ស្តីពីការ បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ និងការកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ប្រវត្តិសាស្ត្រ នគរភ្នំឈើកាច់បាភ្នំ ដែលមានទំហំ ជាង១០១ ហិកតា ដែលត្រូវអភិរក្ស ដូចនេះតំបន់នេះមិនអនុញ្ញាត ឱ្យមានការជីកកកាយយក ខ្សាច់ភ្នំនោះទេ ដែលធ្វើឱ្យមានការបាត់បង់តំបន់នេះនៅពេលអនាគតដូចការចុះផ្សាយនោះទេ ។

៣-ដីតំបន់ខាងលើមានទីតាំងដែលបានអនុញ្ញាត ឱ្យមានការធ្វើអាជីវកម្មជីកខ្សាច់ដែលមានអាជ្ញាប័ណ្ណស្រប ច្បាប់ សម្រាប់យកខ្សាច់ទៅបម្រើការអភិវឌ្ឍដូចជាបំរើឱ្យការងារក្រាលផ្លូវថ្នល់ និងការអភិវឌ្ឍន៍ផ្សេងៗដែលត្រូវការ ខ្សាច់ភ្នំ ពិសេសតំបន់ខាងកើតទន្លេមេគង្គ មានខេត្តព្រៃវែង និងខេត្តស្វាយរៀងជាដើម ដែលមិនមានទីតាំងសម្រាប់ ធ្វើកម្រាលផ្លូវ ដូចជាគ្រួសក្រហមជាដើម។ ការដ្ឋានយកខ្សាច់ភ្នំ ត្រូវបានកំណត់ច្បាស់លាស់ ទៅតាមអាជ្ញាបណ្ណ របស់រដ្ឋបាលខេត្ត និងមានការសិក្សាអំពីផលប៉ះពាល់ច្បាស់លាស់អំពីសំណាក់ក្រសួងបរិស្ថានផងដែរ ។ ជាការ ធម្មតាការអភិវឌ្ឍន៍មួយវាអាចជះផលអវិជ្ជាមានខ្លះ តែយើងត្រូវគិតប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ ។ បើយើង មិនយកខ្សាច់ភ្នំនៅឈើកាច់នេះទេ មានការខ្វះខាតកម្រាលក្នុងការសាងសង់ផ្លូវ ត្រូវទៅយកគ្រួសក្រហមពីខេត្ត ត្បូងឃ្មុំ ចំណាយថ្លៃដើមខ្ពស់ ដូចជាការត្រូវចំណាយច្រើនក្នុងការដឹកជញ្ជូនយកមកសាងសង់ផ្លូវជាដើម។

ជាថ្មីម្តងទៀត រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការបញ្ជាក់ជូនសារធារណជន និងសូមប្រកាសបដិសេធ ទាំងស្រុងចំពោះការចុះផ្សាយរបស់ផេកឈ្មោះ RFA Khmer ខាងលើ ដែលមានចរឹកមូលបង្កាច់ បំផ្លើសការពិត និងជាពត៌មាន មានលក្ខណៈមិនច្បាស់លាស់ដែលធ្វើឲ្យប៉ះពាល់ដល់ការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល និងធ្វើឱ្យមានការថ្នាំងថ្នាក់ពីសំណាក់ប្រជាពលរដ្ឋចំពោះរាជរដ្ឋាភិបាលកម្ពុជា ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម សាធារណជន ជ្រាបជាព័ត៌មាន៕ 

ដោយ ៖ សិលា


ចែករំលែក៖