ភ្នំពេញ៖ ក្រុមទំនើង២ក្រុមបានបើកការប្រយុទ្ធគ្នាទៅវិញទៅមកនៅក្នុងតំបន់បឹងកក់ បង្កការភ្ញាក់ផ្អើលទាំងកណ្តាលអធ្រាត្រ បណ្តាលឲ្យរងរបួសស្នាមទាំងសងខាង រួចទៅផ្ទះវិញរៀងៗខ្លួន មិនរំខានសមត្ថកិច្ចឡើយ។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅក្នុងតំបន់បឹងកក់ ក្បែរសួនច្បារមួយកន្លែងក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ចំពោះករណីហិង្សារវាងក្រុមទំនើងទាំង២ក្រុមនេះ មិនច្បាស់ថាបណ្តាលមកពីរឿងអ្វីឱ្យប្រាកដនោះទេ គេដឹងត្រឹមថា ឃើញភាគីទាំង២ក្រុមនេះទាស់សម្តីគ្នាក្នុងហាងផឹកស៊ីមួយកន្លែង រួចក៏ចាប់ផ្តើមក្លាយជាជម្លោះឈានដល់ការប្រើដៃជើង រួមមានស្រីប្រុសវាយគ្នាផ្អើលពេញបឹងកក់ បណ្តាលឱ្យរងរបួសបែកក្បាល ទាំងសងខាងទើបបញ្ឈប់ការប្រយុទ្ធគ្នា។
ប្រជាពលរដ្ឋដែលនៅជុំវិញកន្លែងកើតហេតុបានបន្ថែមថាភាគីទាំងសងខាងបាននាំគ្នារត់ប្រដេញតាមវាយគ្នា និងស្រែកផ្អើលពេញផ្លូវ ហាក់បីដូចជាមានគុំនុំសងសឹកនិងគ្នាទៅវិញទៅមក ឈានដល់ការវាយគ្នាបែកក្បាលរងរបួសរាងខ្លួន បន្ទាប់មកភាគីទាំងសងខាងក៏បាននាំគ្នាទៅផ្ទះវិញរៀងៗខ្លួន ព្រោះគ្មានសមត្ថកិច្ចមកធ្វើការហាមឃាត់ឬអប់រំណែនាំអ្វីនោះទេ ។
បន្ទាប់ពីកើតហេតុ ភាគីទាំងសងខាងខ្លះបានឡើងរថយន្ត ខ្លះឡើងម៉ូតូ នាំគ្នាចែកផ្លូវគ្នា ដោយពុំមានការដេញតាម ឬវាយបកទៀតនោះទេ គឺបញ្ចប់ដោយរងរបួសទាំងសងខាងទៅ៕
ដោយ៖ ជ្រោយពេជ្រ