ព័ត៌មានទាន់ហេតុការណ៍៖

លោកឃួង ស្រេង៖ រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមកម្លាំងការពារសុវត្ថិភាព ព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ អកអំបុករួចរាល់ហើយ

ចែករំលែក៖

ភ្នំពេញ៖ នៅសល់រយៈពេលតែ៦ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទុក បណ្តែតប្រទីប សំពះព្រះខែ អកអំបុកឆ្នាំ២០២៤ នឹងចាប់ផ្តេីមតាមប្រពៃណីទំនៀមទម្លាប់ នៅមុខព្រះបរមរាជវាំងតាមដងទន្លេសាបចាប់ពីថ្ងៃទី១៤ ដល់១៦ ខែវិច្ឆិកាខាងមុខនេះ។

ក្នុងនាមជាម្ចាស់ផ្ទះ រដ្ឋបាលរាជធានីភ្នំពេញ កំពុងមមាញឹកលេីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ក៏ដូចកែលម្អសោភណភាពទីក្រុង ពិសេសនៅជុំវិញតំបន់ប្រារព្ធពិធីដោយធានាថា ព្រះរាជពិធីបុណ្យអុំទូកខាងមុខដ៏ខ្លីនេះដំណេីរការទៅដោយរលូន ប្រកបដោយសន្តិសុខល្អ និងសោភណភាព។ 

ក្នុងអង្គប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមលក្ខណៈរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤នៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ វិច្ឆិកា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ ក្នុងនាមជាម្ចាស់ផ្ទះ យើងត្រូវគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ ទាំងការគ្រប់គ្រងកម្លាំង ការងារសង្គ្រោះបន្ទាន់ បង្កើតទីបញ្ជាការស្រាលក្នុងកិច្ចប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាពក្នុងព្រះរាជពិធីបុណ្យអុំទូក ទប់ស្កាត់ការលំហូរចរាចរណ៍ ចំពោះរថយន្តមួយចំនួនចូលមកក្នុងរាជធានី ទប់ស្កាត់ជនអនាថា ចោរលូកហោប៉ៅជាដើម និងការបង្ការទប់ស្កាត់ហានិភ័យនៃគ្រោះអគ្គិភ័យនិងការគិតគូរពីអនាម័យបរិស្ថាន។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ទាំងខាងក្នុងនិងខាងក្រៅព្រះរាជពិធី កម្លាំងរបស់យើងត្រូវតែធានាឱ្យបានសន្តិសុខសុវត្ថិភាព១០០%ថ្វាយនិងជូនព្រះមហា ក្សត្រ ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ជាតិនិងប្រជាពលរដ្ឋដែលចូលមកដើរលេងកម្សាន្ត ហើយនៅព្រឹកថ្ងៃទី១៤វិច្ឆិកា លោកអភិបាលរាជធានីនឹងចុះទៅពិនិត្យទីតាំង ទីបញ្ជាការស្រាល ដើម្បីពង្រឹងកម្លាំងអោយបានខ្លាំងក្លា។ 

លោក ឃួង ស្រេង លើកឡើងទៀតថា៖ ទាំងកងកម្លាំងនិងសម្ភារៈផ្សេងៗ បើខ្វះខាតត្រូវរាយការណ៍ភ្លាម ដើម្បីយើងបានដោះស្រាយទាន់សភាពការណ៍ ធ្វើយ៉ាងណាអោយព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ដំណើរការទៅដោយរលូននិងទទួលបានជោគជ័យ។

ដើម្បីឱ្យការប្រារព្ធព្រះរាជពិធីនេះប្រព្រឹត្តទៅបានរលូន គ្មានការរារាំងដល់ដំណើរការអង្គពិធី និងធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតជាអនុគណៈកម្មការជាច្រើនផងដែរ ដែលមានដូចជា៖ អនុគណៈកម្មការសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សង្គ្រោះទូកលិច និងសង្គ្រោះបន្ទាន់, អនុគណៈកម្មការគ្រប់គ្រងទូក ទីលានប្រណាំងទូក និងទីកន្លែងស្នាក់នៅរបស់កីឡាករ-កីឡាការិនី, អនុគណៈកម្មការផ្គត់ផ្គង់ភស្តុភារ និងហិរញ្ញវត្ថុ, អនុគណៈកម្មការរៀបចំវេទិកា តុបតែងលម្អសោភណភាព និងការងារបរិស្ថាន-អនាម័យ, អនុគណៈកម្មការរៀបចំប្រទីប ផ្សព្វផ្សាយព័ត៌មាន សិល្បៈ និងបដិសណ្ឋារកិច្ច។

ក្នុងនោះរឿងកំប្លោកនៅទន្លេសាប ខាងអាជ្ញាធរខណ្ឌប្ញស្សីកែវនិងខណ្ឌជ្រោយចង្វារួមសហការជាមួយសាលារាជធានីទប់ស្កាត់កុំឱ្យអណ្ដែតមកដល់មុខព្រះបរមរាជវាំងពេលអុំទូក ចាំម៉ោង១១យប់ចប់ពិធីបណ្ដែតប្រទីបអស់សិនចាំលែងឱ្យមក។

សូមបញ្ជាក់ថា៖ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹងប្រព្រឹត្តទៅចំនួន ០៣ថ្ងៃ គឺនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ មានទីតាំងនៅតាមដងទន្លេសាប ចាប់ពីស្ពានជ្រោយចង្វាដល់កោះពេជ្រ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះដែរ មានទូកចូលរួមប្រណាំងចំនួន៣៤៦គ្រឿង ក្នុងនោះមានទូកអុំចំនួន ១៧០គ្រឿង ទូកចែវចំនួន ៤៥គ្រឿង (ទូកចែវនារី ០១គ្រឿង) ទូកខ្នាតអន្តរជាតិ ចំនួន ១៣១គ្រឿង (ទូកខ្នាតអន្តរជាតិនារី០៣គ្រឿង)។ ចំណុះទូក ចំនួន ២១,៩៤៦នាក់ ចំណុះបុរសចំនួន ១៧,៤៦៩ នាក់ (បម្រុង៤,២៦៩នាក់) ចំណុះនារីចំនួន១០៦នាក់ (បម្រុង ១០២នាក់)។ ចំណែកទីតាំងស្នាក់នៅរបស់កីឡាករអុំទូកមាន០២ទីតាំង ៖ ទី១ ទីតាំងដីវាលទល់មុខរង្វង់មូលនាងមច្ឆា (OCIC ជ្រោយចង្វា) និងទី២ ទីតាំងអតីតស្ថានីយប្រេងឥន្ធនៈសូគីមិច គីឡូម៉ែត្រលេខ៦ (ឫស្សីកែវ)។ ចំពោះប្រទីបដែលនឹងត្រូវបណ្តែតអបអរសាទរព្រះរាជពិធីបុណ្យមានចំនួន៣៥ប្រទីប៕

ដោយ ៖ សំរិត


ចែករំលែក៖