ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អនុញ្ញាតឱ្យតំណាងក្រុមហ៊ុន PowerChina Group ដឹកនាំដោយលោក Zhou Jiayi ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ៨កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន PowerChina Group Limited និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Sinohydro Corporation Limited ដឹកនាំដោយលោក Zhou Jiayi អនុប្រធានប្រតិបត្តិ និងជានាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងធនធានទឹក និងឧតុនិយម។

សូមជម្រាបថា ក្រុមហ៊ុនបុត្រសម្ព័ន្ធSinohydro Corporation Limited បានសហការជាមួយក្រសួងធនធានទឹក និងឧតុនិយមអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យធនធានទឹកជាច្រើន ក្នុងបណ្តាឆ្នាំកន្លងមក ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការហិរញ្ញប្បទានពីសាធារណរដ្ឋប្រជាមានិតចិន ដូចជា៖ ទី១)គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្រែង ជំហានទី១ ក្នុងខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ ទី២)គម្រោងអភិវឌ្ឍន៍ធារាសាស្ត្រអាចាង ក្នុងខេត្តកំពង់ឆ្នាំង ទី៣)គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្ទោង ជំហានទី១ ក្នុងខេត្តកំពង់ធំ និងទី៤)គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងស្រែង ជំហានទី២ ក្នុងខេត្តឧត្តរមានជ័យ ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យ។

ក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រីបានថ្លែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនានា រវាងក្រសួងធនធានទឹក និងឧតុនិយម និងក្រុមហ៊ុន នាពេលកន្លងមកលើគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនៅកម្ពុជា។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានថ្លែងនូវការគាំទ្របន្តនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមហ៊ុន និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនពង្រីកផែនការវិនិយោគលើវិស័យធនធានទឹកនៅកម្ពុជា ដើម្បីឱ្យកាន់តែមានសក្តានុពល ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

ទន្ទឹមនឹងនោះ ពាក់ព័ន្ធនឹងផែនការអនុវត្តការងារនៅជំហានបន្តបន្ទាប់ លោករដ្ឋមន្ត្រីបានស្នើសុំឱ្យក្រុមហ៊ុនជួយជំរុញ និងសម្របសម្រួលខាងភាគីចិន ហើយក្រសួងធនធានទឹក និងឧតុនិយមនឹងធ្វើការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជារាជរដ្ឋាភិបាល ដើម្បីធ្វើឱ្យគម្រោងទាំងនេះទទួលបានជោគជ័យ៕

ដោយ ៖ សិលា


ចែករំលែក៖