ភ្នំពេញ៖ អង្គការផ្ទះបាយកុមារ រួមសហការជាមួយ និងក្រុមការងារ ប៉ាម៉ានី បានរៀបចំ កម្មវិធី «ជួបជាមួយប៉ាម៉ានី» ដល់កុមារ៦០០នាក់ ដែលជាភ្ញៀវរបស់ អង្គការផ្ទះបាយកុមារ។ ពិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ទយុវជនកម្ពុជា និងមានការចូលរួមពីលោក លី ចន្ទ័តុលា និងលោកស្រីឈីវ ភិរម្យ ប្រធានក្រុមការងារ ប៉ាម៉ានី និងអង្គការផ្ទះបាយកុមារ ។
ក្នុងឱកាសអញ្ជើញចូលរួមក្នុងកម្មវិធីនេះ លោកហ៊ុន ម៉ានី បានបង្ហាញពីភាពស្និទ្ធ ស្នាលជាមួយនិងកុមាគ្រប់ៗ រួមជាមួងនិងពាក្យលើកទឹកចិត្ត ដល់ពួកគាត់ខិតខំរៀនសូត្រក្លាយជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ នៅពេលអនាគត។ លោកគួសបញ្ជាក់ដល់កុមារគ្រប់ៗរូបថា «កំប្រៀបជាមួយកូនអ្នកផ្សេង ហើយត្រូវខិតខំប្រឹងប្រែងរៀនសូត្រដើម្បីបានប្រឡងជាប់គ្រប់ៗគ្នា»។
លោកប្រធានក៏បានថ្លែងអំណរគុណ និងកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមការងារអង្គការផ្ទះបាយកុមារ និងក្រុមការងារពាក់ព័ន្ធ ជាពិសេសលោកពូ ង៉ូវ ឈីវ ដែលតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានក្នុងការជួយផ្គត់ផ្គង់អាហារ និងពិសេសនោះគឺជួយដល់ការអប់រំ របស់ប្អូនៗដែលមានការខ្វះខាត ។ ជាមួយគ្នានោះលោកបានថ្លែង អំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមទាំងសម្ភារៈ ថវិកា ជាពិសេស ពេលវេលាក្នុងការមកជួបជុំគ្នាជាមួយប្អូនៗនាឱកាសនេះ។ ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី ក៏បានផ្តល់កិត្តិយសថតរូបទុកជាអនុស្សាវរីយ៍ ជាមួយនិងកុមារទាំង៦០០ នាក់ ដោយថតម្តង១នាក់ ផងដែរ។
លោកស្រីឈីវ ភិរម្យ មានប្រសាសន៍ថា លោក ហ៊ុន ម៉ានី តែងតែចូលរួមលើកកម្ពស់ជីវភាពរស់នៅជាមួយនិងកុមារ ដែលរៀបចំដោយអង្គការផ្ទះបាយកុមារនៅក្នុងមួយឆ្នាំពីរដង ដើម្បីបានដឹងពីសុខទុក្ខរបស់កុមារ ។ លោកស្រីបន្ថែមថា កុមារដែលបានមកចូលរួមលេងកម្សាន្ត និងទទួលយកអំណោយដែលរៀបចំដោយក្រុមការងារប៉ាម៉ានីនេះ គឺសុទ្ធ សឹងតែមកពីក្រុមគ្រួសារ មានជីវភាពទន់ខ្សោយ លំបាក រស់នៅជិតនិងតំបន់ក្បែរៗនេះ ដែលឪពុកម្តាយរកស៊ីនៅតាមដងផ្លូវអូសរទេះ លក់លៀសហាល រើសអេតចាយ ជាដើម ។
លោកស្រី ឈីវ ភិរម្យ បញ្ជាក់បន្ថែមថា ក្រុមការងារប៉ាម៉ានី បានចូលរួមជួយដល់កុមារ ដែលរស់នៅក្នុងក្រុមគ្រួសារមានជីវភាពខ្វះខាត ដោយខិតខំជួយប្រឹងប្រែងប្រែងលើកទឹកចិត្ត ក៏ដូចជាផ្តល់ឱកាស និងសម្ភារៈទៅតាមលទ្ធភាព ដើម្បីឱ្យពួកគាត់បានទៅសាលារៀន។
កុមារដែលបានចូលរួមនៅក្នុងកម្មវិធីនេះ បានសំដែងនូវទឹកមុខសប្បាយរីករាយរួមជាមួយនិង ស្នាមញញឹមដែលប៉ាម៉ានីផ្តល់ឱ្យនៅក្នុងឱកាសនេះ ហើយតាមរយៈនេះ ពួកគាត់ក៏ទទួលបាននូវ អំណោយដែលរៀបចំដោយ ក្រុមការងារប៉ាម៉ានី ជាសម្ភារសិក្សា ខោអាវ ស្បែកជើង រួមជាមួយនិងអង្ករចំនួន១០គីឡូក្រាម ផងដែរ។
គួរបញ្ជាក់ថា ផ្ទះបាយកុមារគឺជាអង្គការមួយដែលផ្តល់អាហាររូបត្ថម្ភកុមារ ពេល ព្រឹក និងពេលថ្ងៃត្រង់ចាប់ពីថ្ងៃច័ន្ទដល់ថ្ងៃសៅវ៍ដល់កុមារទូទៅដែល គាត់មិនមានអាហារគ្រប់គ្រាន់នៅឯផ្ទះគឺគាត់អាចមកទទួលអាហារនៅទីនេះដោយឥតគិតថ្លៃ ៕
ដោយ៖ សូរិយា