ផ្ទុះគ្រាប់បែកនៅថៃ, រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បំពេញទស្សនកិច្ចនៅរុស្ស៊ី, ជំងឺអាសន្នរោគគ្រុនស្បែកលឿងនៅលើពិភពលោក, ការដាក់ពង្រាយយោធានៅ អ៊ុយក្រែន, ស្ថានភាពអាស៊ីកើនកម្តៅ , ការបោះឆ្នោតនៅអាមេរិកគឺជាព្រឹត្តិការណ៍សំខាន់ៗដែលបានកើតឡើងនៅលើពិភពលោកក្នុងសប្តាហ៍កន្លងមកនេះ…ទាំងនេះជាព័ត៌មានដែលបណ្តាញផ្សព្វផ្សាយធំៗនៅលើពិភពលោកចាប់អាម្មណ៍បំផុត។
ក្នុងមួយសប្តាហ៍អាចរាលដាលនៃជំងឺគ្រុនស្បែកលឿងនៅលើពិភពលោក
កាលពីថ្ងៃទី១៧ ខែសីហា អង្គការសុខ ភាពពិភពលោកWHO បានព្រមានថា មាន ជំងឺគ្រុនបណ្តាលឲ្យស្បែកលឿងអាចផ្ទុះឡើងនិងរាលដាលនៅទ្វីបអាហ្រិ្វក អាស៊ី និងរាលដាលនៅទូទាំងពិភពលោក ។ ពេលនេះនៅក្នុងប្រទេស Angola និងសាធារណរដ្ឋកុងហ្គោកើតមានជំងឺខាងលើ។ ជំងឺនេះបានសម្លាប់មនុស្ស៤០០នាក់នៅក្នុងទ្វីបអាហ្វ្រិក។ នៅពេលនេះអង្គការ WHO មានវ៉ាក់សាំងការពារសម្រាប់តែ៧លាននាក់ប៉ុណ្ណោះ ចំណែកអ្នកជំងឺមានរហូតដល់១០លាននាក់ ។ ជំងឺនេះអាចរាលដាលទៅកាន់ប្រទេសជាច្រើននៅលើពិភពលោកប្រសិនបើគ្មានការការពារទប់ស្កាត់ឲ្យបានល្អនោះទេ។
ផ្ទុះគ្រាប់បែកនៅថៃ
កាលពីថ្ងៃទី១៤ ខែសីហា អ្នកនយោបាយថៃមួយចំនួនត្រូវបានចាប់ខ្លួនពិសេស គឺក្រុមអាវក្រហមដើម្បីសាកសួរ ក្រោយពីមានការវាយប្រហារគ្រាប់បែកដល់ទៅ១១លើកកាលពីថ្ងៃទី១២ ខែសីហា សម្លាប់មនុស្ស៤នាក់ និងរាប់សិបនាក់ទៀតរងរបួស។
រហូតមកទល់ពេលនេះមិនទាន់មានព័ត៌មានស្តីការស៊ើបអង្កេតហើយក៏នៅមិនទាន់មានជន ឬចលនាណាមួយចេញមុខសារភាពថាជាស្នាដៃរបស់ខ្លួនដែរ ។ ចំណែកប៉ូលិសបានបដិសេធមិនទម្លាក់ការសង្ស័យ លើជនឬក្រុមណាមួយទេ ។ តែរបបសឹកបានផ្តោតលើវិច្ឆេទកម្មក្នុងស្រុករៀបចំដោយក្រុមប្រឆាំងជាជាងដោយក្រុមភេរវជនបរទេស ។ នៅក្នុងន័យនេះក្រុមអ្នកឯក ទេសបានលើកឡើងថា អាចជាស្នាដៃរបស់ ពួកប្រឆាំងដែលគេស្គាល់ជាពួកអាវក្រហមដើម្បីសងសឹក ឬមួយជាស្នាដៃរបស់ក្រុមឧទ្ទាមអ្នកទាមទារផ្តាច់ទឹកដីនិយមនៅប៉ែកខាងត្បូង។
រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់បំពេញទស្សនកិច្ចនៅរុស្សី
កាលពីថ្ងៃទី១៤ និងថ្ងៃទី១៥ ខែសីហា ដើម្បីទប់ស្កាត់ភាពតានតឹងដែលអាចកើតឡើងនៅក្នុងតំបន់គ្រីមៀគ្រប់គ្រងដោយរុស្ស៊ី និងស្វែករកដំណោះស្រាយបញ្ចប់វិបត្តិនៅក្នុងប្រទេសស៊ីរី រដ្ឋមន្ត្រីការបរទេស អាល្លឺម៉ង់លោក Franck Walter Steinmeier បានបំពេញទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីដើម្បីជួបពិភាក្សាជាមួយមេដឹកនាំរុស្ស៊ី។
កម្លាំងទាហានអ៊ុយក្រែនបានដាក់ពង្រាយកងពលកាំជ្រួចមីស៊ីល S-300 ទៅ កាន់តំបន់ Nilolaev និង Kherson ជាប់ព្រំដែនគ្រីមៀដើម្បីទប់ស្កាត់ការឈ្លានពានពីប្រទេសរុស្ស៊ី ។ ព័ត៌មានខាងលើកើតឡើងក្រោយមួយថ្ងៃដែលបណ្តាញទូរទស្សន៍របស់អ៊ុយក្រែនបានផ្សាយថា រុស្ស៊ីបានបញ្ជូនអាវុធជាច្រើនចូលទៅកាន់តំបន់គ្រីមៀ ក្នុងនោះមានទាំងអាវុធបរមាណូផង ដែរ។
ស្ថានភាពឧបទ្វីបកូរ៉េតានតឹងដោយការធ្វើសមយុទ្ធ
កូរ៉េខាងត្បូងកាលពីថ្ងៃទី១៨ ខែសីហា បានធ្វើសមយុទ្ធជាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានពីមុនមកនៅជាប់ព្រំដែនកូរ៉េខាងជើង។ សកម្មភាពខាងលើបង្កក្តីព្រួយបារម្ភ យ៉ាងខ្លាំងខ្លាចកូរ៉េខាងជើងតបតវិញអាចធ្វើឲ្យតំបន់ទាំងមូលធ្លាក់ក្នុងសង្គ្រាម។
កងពលកាំភ្លើងធំកូរ៉េខាងត្បូងប្រចាំនៅតំបន់ព្រំដែនបានដាក់ពង្រាយកាំភ្លើងធំ ៣០០ដើមហើយបាញ់ប្រហារនៅក្នុងពេលតែមួយទៅកាន់ទិសដៅផ្សេងគ្នានៅក្នុងការធ្វើសមយុទ្ធជាប់ព្រំដែនដែលធ្លាប់ប្រឈមមុខតានតឹងនាពេលកន្លងមក។
កម្លាំងជួរមុខរបស់កូរ៉េខាងត្បូងបានធ្វើសមយុទ្ធជាច្រើនលើកនាពេលកន្លងមក ហើយការធ្វើសមយុទ្ធ កាលពីថ្ងៃទី១៨ ខែ សីហា គឺជាសមយុទ្ធថ្មីបំផុត ក្រោយពេលដែលកូរ៉េខាងជើងបាញ់មីស៊ីលជាបន្តបន្ទាប់ ទៅកាន់ដែនសមុទ្រ។
លើកទី១ប្រតិភូរុស្ស៊ីធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង
បណ្តាញព័ត៌មាន KBS បានផ្សាយថា គណៈប្រតិភូរុស្ស៊ីកាលពីថ្ងៃទី១៥ ខែសីហា បានធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងជាលើកទី១ចាប់តាំងពីប្រទេសនេះទទួលរងការដាក់ទណ្ឌកម្មដឹកជញ្ជូន ។
គណៈប្រតិភូសេដ្ឋកិច្ចរុស្ស៊ីរួមមានតំណាងក្រុមហ៊ុនរដ្ឋ និងឯកជន ក្នុងនោះមានទាំងមន្ត្រីនៅក្នុងក្រសួងអភិវឌ្ឍន៍សេដ្ឋ កិច្ច មន្ទីរពាណិជ្ជកម្មនិងឧស្សាហកម្មរុស្ស៊ី ។
ប្រភពព័ត៌មានបានឲ្យដឹងថា ពេលដំបូង រុស្ស៊ីបានបញ្ជូនគណៈប្រតិភូជាតំណាងក្រុម ហ៊ុនឯកជនទៅកាន់កូរ៉េខាងជើង ប៉ុន្តែ ក្រោយមកបានបញ្ជូនទាំងមន្ត្រីរដ្ឋាភិបាលទៅជាមួយផងដែរតាមសំណើរបស់កូរ៉េខាងជើង។
ប្រធានាធិបតីថ្មីហ្វុីលីពីនប្រឈមនឹងទោសឧក្រិដ្ឋ
ក្រោយការសម្លាប់មនុស្សយ៉ាងច្រើនក្នុងរយៈពេលខ្លីប្រធានាធិបតីហ្វុីលីពីនអាច ប្រឈមនឹងបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដោយសារតែការសម្លាប់នោះបានធ្វើឡើងក្រៅប្រព័ន្ធតុលាការ។
ការកម្ចាត់ក្រុមជួញដូរគ្រឿងញៀនរបស់ ប្រធានាធិបតី Rodrigo Duterte ក្នុងរយៈពេល៣ខែនេះបានសម្លាប់ក្រុមជនល្មើសដល់ទៅជិត១ពាន់នាក់។ លោក Rodrigo Duterte បញ្ជាក់ថា កម្លាំងប៉ូលិស ទាហាន នឹងមិនមានទោសឡើយនៅពេលដែលសម្លាប់មនុស្សក្នុងពេលបំពេញការងារបោសសម្អាតក្រុមជួញដូរគ្រឿងញៀន។
ចិនស្នើពលរដ្ឋត្រៀមធ្វើសង្គ្រាមបរមាណូ
រដ្ឋមន្ត្រីក្រសួងការពារជាតិចិនលោក Liang Guanglie បានអំពាវនាវដល់ពល រដ្ឋនៅទូទាំងប្រទេសត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូនៅដែនសមុទ្រ។ លោក បញ្ជាក់ទៀតថា ការប៉ះទង្គិចដោយអាវុធអាច នឹងកើតមានឡើងគ្រប់ពេលវេលា។
អ្នកឯកទេសអាមេរិកលោក James Holmes ព្រមានថា រដ្ឋាភិបាលទីក្រុងម៉ានីល ទីក្រុងហាណូយនិងវ៉ាស៊ីនតោនមិនត្រូវចាត់ទុកការប្រកាសនោះជាការគំរាមកំហែងឲ្យសោះ ព្រោះវាអាចកើតឡើងគ្រប់ពេលវេលា។
ចិនបានប្រកាសពីដែនអធិបតេយ្យមិនអាចប្រកែកបាននៅដែនសមុទ្រដែលគ្រប់គ្រងរហូតដល់ទៅ៩០ភាគរយនៃតំបន់សមុទ្រចិនភាគខាងត្បូង។ ប្រទេសដែលមានអំណាចខ្លាំងដូចជាចិនគឺមិនអនុញ្ញាត ឲ្យប្រទេសតូចតាចអាចធ្វើអ្វីតាមតែចិត្ត បានឡើយ ហើយចិននឹងប្រែក្លាយដែន សមុទ្រទាំងនោះទៅជាកម្មសិទ្ធិរបស់ខ្លួន ដោយស្វ័យប្រវត្តិទោះតាមរូបភាពណាក៏ដោយ៕ ម៉ែវ សាធី