ខេត្តក្រចេះ ៖ ពលរដ្ឋរស់នៅក្រុងក្រចេះ សង្កេតឃើញថាជនជាតិវៀតណាមជាច្រើនគ្រួសារដែលបានតាំងទីលំនៅតាមមាត់ ទន្លេក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ កំពុងយកទីតាំងនោះជាកន្លែងជួញដូរឈើប្រណីត និងកែច្នៃគ្រឿងសង្ហារិម ។ អាជីវកម្មរបស់ ជនជាតិវៀតណាមទាំងនោះក៏ត្រូវរិះគន់ថាកំពុងធ្វើឲ្យប៉ះពាល់បរិស្ថាន ខណៈដែល កម្ទេចឈើជាច្រើន ត្រូវគេបោសទម្លាក់ចូលទឹកទន្លេមេគង្គធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋដែលអាស្រ័យផលទឹកទន្លេនេះ ។
ជាងនេះទៅទៀតពលរដ្ឋបានស្នើរឱ្យអាជ្ញាធរចុះត្រួតពិនិត្យលើទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់ប្រមាណជាង២០កន្លែង ដែលកំពុងធ្វើអាជីវកម្មសព្វថ្ងៃនេះហើយនៅតាមសិប្បកម្មកែច្នៃឈើនីមួយៗអាចមានជនអន្តោប្រវេសន៍វៀតណាមខុសច្បាប់ សំងំលាក់ខ្លួននៅតាមរោងសិប្បកម្មកែច្នៃឈើទាំងនោះ ។
ពលរដ្ឋរស់នៅសង្កាត់ក្រគរក្រុងក្រចេះបានអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធចុះបង្ក្រាបបទល្មើសព្រៃឈើនិងអាជីវកម្មកែច្នៃគ្រឿងសង្ហារិមខុសច្បាប់របស់ជនជាតិវៀតណាមជាង២០កន្លែងតាមបណ្តោយមាត់ទន្លេ ក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ ដែលកំពុង ធ្វើអាជីវកម្មសព្វថ្ងៃនេះ ។
ពលរដ្ឋបានអះអាងថា ឈើប្រណីតគ្រប់ប្រភេទដែលជនជាតិវៀតណាមយកមកកែច្នៃធ្វើជាគ្រឿងសង្ហារិមសម្រាប់លក់បន្ត គឺពួកគេបានទិញពីក្រុមឈ្មួញមួយចំនួន ដែលដឹកតាមម៉ូតូ តាមរថយន្តចេញពី តំបន់ផ្សេងៗ យកមកលក់ឱ្យជនជាតិវៀតណាមដល់រោងសិប្បកម្មតែម្តង ។ ចំណែក អាជ្ញាធរក្រុងខេត្ត ពិសេសជំនាញរដ្ឋបាល ព្រៃឈើមិនមានវិធានការទប់ស្កាត់នៅឡើយ ។
បើតាមការឱ្យដឹងពីម្ចាស់រោងសិប្បកម្មកែច្នៃឈើខុសច្បាប់បានបង្ហើបប្រាប់ថា ពួកគេបានបង់លុយជាខែ ឬហៅថាដាក់ខែទៅឱ្យសមត្ថកិច្ចស្ទើរគ្រប់ស្ថាប័ន បើពួកគេ មិនបង់លុយទេនោះ ពោលគឺមិនអាច បើកបានទេកំុថាឡើយដល់ទៅបើករោងសិប្បកម្ម សូម្បីតែម៉ូតូដឹកឈើដាក់ចូលតាមរោងសិប្បកម្មក៏ដឹកមិនបានផង ។
ពាក់ព័ន្ឋនឹងការបើករោងសិប្បកម្មកែច្នៃឈើខុសច្បាប់ជាង២០កន្លែងរបស់ជន ជាតិវៀតណាមខាងលើនេះមិនអាចស្វែង រកប្រភពសុំការបំភ្លឺពីលោក ទ្រី សុភក្រ័ នាយ ខណ្ឌរដ្ឋបាលព្រៃឈើក្រចេះបានទេ នៅ រសៀលថ្ងៃទី២០ខែសីហានេះ ។ តែបើតាមការលើកឡើងពីសំណាក់ពលរដ្ឋបាន និយាយថា កន្លងទៅក៏ធ្លាប់មានពលរដ្ឋបានរាយការទៅឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត ស្នើឱ្យចុះមកត្រួតពិនិត្យ តែមន្ត្រី ទាំងនោះ បែរជាប្រាប់ឱ្យម្ចាស់សិប្បកម្មឱ្យផ្អាកសកម្មភាពមួយរយៈសិន និងឱ្យរុះរើ ម៉ាស៊ីនកែច្នៃឈើទុក និងលើកឈើដែលមាននៅក្នុងរោងសិប្បកម្មលាក់ទុកសិន ហើយពួកគេនឹងលើកគ្នាចុះមកត្រួតពិនិត្យធ្វើដូចជាមកចាប់បង្ក្រាប តែលទ្ឋផលធ្វើ ឱ្យល្អមើលតែប៉ុណ្ណោះ ។ នៅពេលមន្ត្រីរដ្ឋបាលព្រៃឈើត្រឡប់ទៅវិញ គឺពួកគេនឹង ចាប់ដំឡើងម៉ាស៊ីនហើយធ្វើសកម្មភាពកែច្នៃឈើបន្តទៀត ។
ជាងនេះទៀតពលរដ្ឋទាំងនោះបាន និយាយថា គ្រប់រោងសិប្បកម្មទាំងអស់ដែលកំពុងបើកការកែច្នៃឈើខុសច្បាប់ប្រមាណជាង២០កន្លែងនៅតាមបណ្តោយមាត់ទន្លេក្នុងសង្កាត់ក្រគរ ក្រុងក្រចេះ គឺបានបង់លុយជាខែជូនក្រុមមន្ត្រីរដ្ឋបាលព្រៃឈើទាំនោះជាថ្នូរនឹងការមិនចាប់បង្ក្រាប ៕ កោះទ្រុង