ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​ នឹងទទួល​រងឥទ្ធិពលពីព្យុះទី២២ ឈ្មោះ ឃីនស៊ីង (Yinxing) ដែលបានវិវត្តទៅជាព្យុះសង្ឃរា ជាមួយនឹងព្យុះទី២៣ ឈ្មោះ តូរ៉ាជី (Toraji)

ចែករំលែក៖

ភ្នំពេញ​៖​ ក្រសួងធនធានទឹក​ និង​ឧតុនិយម​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​១១​ ខែវិច្ឆិកា​ ឆ្នាំ​២០២៤នេះ​ បានចេញសេចក្ដីជូនដំណឹង​ស្តីពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា ខណៈ​ព្យុះទី២២ ឈ្មោះ ឃីនស៊ីង (Yinxing) បានវិវត្តទៅជាព្យុះសង្ឃរា ជាមួយនឹងព្យុះទី២៣ ឈ្មោះ តូរ៉ាជី (Toraji) ដែលកើតនៅសមុទ្រចិនខាងត្បូង បានដើរលើគន្លងតែមួយ និងមាន ឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងឦសាន ខណៈសម្ពាធទាបគ្របដណ្តប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ និងគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។

ក្រសួងធនធានទឹក​ បានបញ្ជាក់ថា​ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤

១-តំបន់វាលទំនាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣២°C។ ខ្យល់បក់មក ពីទិសឦសាននិងទិសបូព៌មានល្បឿនមធ្យម៤,៥ម៉ែត្រ វិនាទី។ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង ស្វាយរៀង កណ្តាល តាកែវ និងភ្នំពេញ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។

២-តំបន់ខ្ពង់រាប៖

-សីតុណ្ហភាពមធ្យមអប្បបរមា២០°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់ មកពីទិសឦសាន និងទិសបូព៌មានល្បឿនមធ្យម៥ ម៉ែត្រ/វិនាទី។ ខេត្តកំពង់ស្ពឺ ប៉ៃលិន ស្ទឹងត្រែង ក្រចេះ រតនគិរី មណ្ឌលគិរី តំបន់ជួរភ្នំក្រវាញ និងជួរភ្នំដងរែក អាចមានភ្លៀងធ្លាក់ គ្របដណ្តប់លើផ្ទៃដី៥%។

៣-តំបន់មាត់សមុទ្រ៖

-សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C ។ ខ្យល់បក់ មកពីទិសឦសាន និងទិសអាគ្នេយ៍ មានល្បឿនមធ្យម ៤ ម៉ែត្រ វិនាទី។ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១៥%។ 

-រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕

ដោយ​៖ តារា​


ចែករំលែក៖