ក្រុមកំពូលតារាង Barcelona បានរងបរាជ័យក្នុងលទ្ធផល ១-០ ក្នុងការប្រកួតក្របខ័ណ្ឌ La Liga នៅលើទឹកដីក្រុម Real Sociedad កាលពីថ្ងៃអាទិត្យ ដែលបានបញ្ចប់ការឈ្នះ៧ ប្រកួតរបស់ពួកគេនៅក្នុងការប្រកួតទាំងអស់ ខណៈដែលកីឡាករ Sheraldo Becker របស់ក្រុមម្ចាស់ផ្ទះ Real Sociedad បានស៊ុតបញ្ចូលទី១គ្រាប់តាំងពីក្នុងតង់ទីមួយ។
ក្រុម Barcelona ទទួលបានរសជាតិបរាជ័យលើកដំបូងរបស់ពួកគេក្នុងរយៈពេលជាងមួយខែ និងជាលើកទី២របស់ពួកគេក្នុងរដូវកាលក្នុងស្រុករបស់ពួកគេ បន្ទាប់ពីពួកគេត្រូវបានគ្រប់គ្រងការឈ្នះពេញមួយការប្រកួតដោយក្រុមម្ចាស់ផ្ទះដែលបានខ្ជះខ្ជាយឱកាសជាច្រើន។
ឈានចូលដល់ការប្រកួតនេះក្រុម Barcelona បានគ្រប់គ្រងបាល់ និងវាយសម្រុក ខ្លាំង ដែលក្លាយជាក្រុមឈរលើគេក្នុងលីកកំពូលទាំង៥របស់អឺរ៉ុប ដោយរកបាន៤០គ្រាប់ដូចគ្នានៅ Champions League ជាមួយ១៥ប្រកួត ប៉ុន្តែក្រុមរបស់លោក Hansi Flick បានបញ្ចប់ការប្រកួតដោយមិនមានស៊ុតបញ្ចូលទីកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ វិច្ឆិកានេះជាមួយ Sociedad។
ការខកខានរបស់យុវជន Lamine Yamal ដែលមិនទាន់បានជាសះស្បើយពីរបួសកជើងខាងស្តាំបានរងរបួសនៅក្នុងការប្រកួត Champions League របស់ពួកគេនៅលើទឹកដីក្រុម Red Star Belgrade កាលពីថ្ងៃពុធនោះ អាចក៏ជាមូលហេតុធ្វើឲ្យក្រុម Barcelona បរាជ័យដែរ ដោយក្រុមម្ចាស់ផ្ទះបានបើកការស៊ុតបញ្ចូលទីតាំងតែពីនាទីទី៣៣។
ខ្សែប្រយុទ្ធសំខាន់ Robert Lewandowski បានស៊ុតបាល់បញ្ចូលទី២គ្រាប់ក្នុងប្រអប់ទី ប៉ុន្តែគ្រាប់បាល់ត្រូវបានច្រានចោលដោយ VAR ដែលបានប្រទះឃើញថា ខ្សែប្រយុទ្ធប៉ូឡូញរូបនេះត្រូវអាជ្ញាកណ្តាលគិតថា បានប៉ះទង្គិចជាមួយកីឡាករក្រុមម្ចាស់ផ្ទះ។ ក្រុម Real Sociedad ក៏មានឱកាសវាយបកវិញដែរ ប៉ុន្តែត្រូវអ្នកចាំទី Inaki Pena របស់ Barcelona ធ្វើការសង្គ្រោះដ៏ល្អដើម្បីបដិសេធការទាត់បាល់ហ្វ្រីឃីករបស់កីឡាករ Mikel Oyarzabal និង Becker។
ក្រុម Barcelona បានខ្ជះខ្ជាយឱកាសបន្ទាប់ទៀត ក្រោយពីមានឱកាស វាយលុកតំបន់ការពាររបស់ក្រុមម្ចាស់ផ្ទះនៅក្នុងតង់ទី២ ដោយការស៊ុតបាល់បញ្ចូលទីច្រើនជាងក្រុមម្ចាស់ផ្ទះ។ ជាមួយគ្នានោះកីឡាករ Becker ក៏បានខ្ជះខ្ជាយឱកាសមាសចំនួន៣ផងដែរនៅដើមតង់ទី២ ដែលត្រូវបានអ្នកចាំទី Pena បានធ្វើការសង្គ្រោះយ៉ាងល្អ។
លទ្ធផលនេះធ្វើឲ្យ Barcelona នៅតែនាំមុខគេក្នុងចំណាត់ថ្នាក់លេខ១នៅ La Liga ដោយមាន៣៣ពិន្ទុ នាំមុខ៦ពិន្ទុដាច់ក្រុមលេខ២ Real Madrid ដែលមាន១ប្រកួតក្នុងដៃ ខណៈ Atletico Madrid ឈរលេខ៣ មាន២៦ពិន្ទុ រីឯ Real Sociedad ឈរលេខ៨ មាន១៨ពិន្ទុ ៕
ដោយ៖ ភារៈ (រូបភាព ៖ CNA)