ខេត្តកែប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «វិថីតេជោសន្តិភាពឆ្នេរអង្កោល ប្រវែងសរុប ១២.៦៤៥ ម៉ែត្រ»។
ពិធីសម្ពោធ នាពេលព្រឹកនេះ គឺជាសក្ខីភាពនៃសមិទ្ធផលថ្មីមួយបន្ថែមទៀត របស់ជាតិ ស្ថិតនៅក្នុងភូមិសាស្ត្រតំបន់ទេសចរណ៍ខេត្តកែប ដែលបានលេចចេញជារូបរាងឡើង នៅក្នុងយុគសម័យតេជោសន្តិភាព និងជាការបង្ហាញឱ្យឃើញពីការសម្រេចចិត្ត របស់ប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋ អ្នករស់នៅខេត្តកែប ដែលបានជឿជាក់ និងបានជ្រើសរើសយក មគ្គុទ្ទេសក៍ដឹកនាំកម្ពុជា បានត្រឹមត្រូវ ទើបមានឱកាសបាន ឃើញនិងបានទទួលផលពីការអភិវឌ្ឍរីកចម្រើនដោយផ្ទាល់ដូចនាពេលបច្ចុប្បន្ននេះ។
គម្រោងសាងសង់វិថីតេជោសន្តិភាពឆ្នេរអង្កោលនេះ គឺជាអនុគម្រោងនៃគម្រោងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ សម្រាប់កំណើនប្រកបដោយបរិយាប័ន្ន ក្នុងមហាអនុតំបន់មេគង្គ ជំហានទី២ ដែលគ្រប់គ្រងដោយក្រសួងទេសចរណ៍។ គម្រោងនេះ បានអនុវត្តការងារបច្ចេកទេស សាងសង់រួមមាន៖ ការងារចាក់ក្រាលបេតុងកៅស៊ូប្រភេទAC មានកម្រាស់ ១០សង់ទីម៉ែត្រ មានទទឹង ៥,៥ម៉ែត្រ សម្រាប់ផ្លូវឯកទិស និងទទឹង ១០ម៉ែត្រ សម្រាប់ផ្លូវដែលមាន ២គន្លង (១គន្លងទៅ ១គន្លងមក) និងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធគាំទ្រសំខាន់ៗមានជាអាទិ៍ សាងសង់ រង្វង់មូល ១កន្លែង ស្ថិតនៅទីតាំងឆ្នេរអង្គោល, សាងសង់ផ្លូវជិះកង់ និងផ្លូវសម្រាប់ថ្មើរជើង, សាងសង់លូមូលប្រភេទបេតុងសម្រាប់រំដោះទឹកភ្លៀងកាត់ទទឹងផ្លូវចំនួន ២៨កន្លែង, លូប្រអប់ ប្រភេទបេតុងសម្រាប់រំដោះទឹកភ្លៀងកាត់ទទឹងផ្លូវចំនួន ១២កន្លែង, និងលូអ៊ុយប្រភេទបេតុងចំនួន ១ខ្សែ ប្រវែង ១ ១៨២ម៉ែត្រ រួមជាមួយនឹងការបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ និង បង្គោលភ្លើងសូឡាបំភ្លឺផ្លូវចំនួន ១៦៤ដើម ផងដែរ៕
ដោយ ៖ សិលា