ភ្នំពេញ៖ ដោយអនុវត្តតាមបទបញ្ជា លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា សហការជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានបន្តការងារចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹង គ្រឿងញៀននៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤ រហូតដល់វេលាម៉ោង០២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅលើបណ្តោយផ្លូវលេខ១៦៩ ទល់មុខវិទ្យាល័យបាក់ទូក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ គល់ យី លោកឧត្តម សេនីយ៍ទោ តឹង សុធី ស្នងការរង និងលោកវរសេនីយ៍ឯក ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា និងមានការដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ទឹម វុទី្ធ អធិការរងខណ្ឌ៧មករា ដែលមានកម្លាំងសរុបចូលរួមសរុប៥០នាក់ ក្នុងនោះកម្លាំងនគរបាលខណ្ឌ៧មករាចំនួន ១៥នាក់។
យោងតាមរបាយការណ៍នគរបាលខណ្ឌ៧មករា បានឲ្យដឹងថា ៖ លទ្ធផល នៃកិច្ចសហប្រតិបត្តិការមានយានយន្តឆ្លងកាត់សរុបចំនួន ៩៧គ្រឿង ក្នុងនោះម៉ូតូ ៤៧គ្រឿង រថយន្តចំនួន ៥០គ្រឿង រកឃើញរថយន្តល្មើសចំនួន ១៦គ្រឿង ម៉ូតូមិនពាក់មួកសុវត្ថិភាព ០៦គ្រឿង អ្នកជិះម៉ូតូស្រវឹង ១០គ្រឿង និងរថយន្ត ១០គ្រឿង អ្នកបើកបរមានស្ថានភាពស្រវឹងចាប់ពី ០.២៥ដល់០.៣៩mg/L មានចំនួន ០៦គ្រឿង ជាអ្នកបើកបររថយន្ត និងចាប់ពី០.៤០mg/L ឡើងទៅមានចំនួន ០៤គ្រឿងផងដែរ។
របាយការណ៍ដដែលបានបញ្ជាក់ឲ្យដឹងថា ៖ យានយន្តចំនួន ១៣គ្រឿង ត្រូវបានផាកពិន័យនៅហ្នឹងគោលដៅ។ ក្នុងនោះ រថយន្ត ៧គ្រឿង និងម៉ូតូចំនួន ៦គ្រឿង ដោយឡែករថយន្តចំនួន ០៣គ្រឿង ត្រូវបានយកទៅរក្សាទុកនៅឯអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីតម្រូវឲ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនដោះស្រាយតាមច្បាប់។
ជាមួយគ្នានេះ សមត្ថកិច្ចនគរបាលខណ្ឌ៧មករា ក៏បានណែនាំដល់អ្នកបើកបរចំនួន ១០នាក់ ក្នុងនោះមានអ្នកបើកបររថយន្ត ៥នាក់ និងអ្នកបើកបរម៉ូតូចំនួន៥នាក់ផងដែរ៕
ដោយ៖ តារា