ភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពងខ្ពស់ នៅរសៀលថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានយាងពន្លត់ភ្លើងជ័យ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា នៅវិមានឯករាជ្យ។
ព្រះរាជពិធីពន្លត់ភ្លើងជ័យនៃទិវាបុណ្យឯករាជ្យជាតិលើកទី៧១ មានការយាង និងអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ជាថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ភ្ញៀវជាតិ អន្តរជាតិ មន្ត្រីជាន់ខ្ពស់នៃបណ្តាអង្គទូតជាមិត្តប្រចាំកម្ពុជា រាជវង្សានុវង្ស មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ យុវជន យុវតី សិស្សានុសិស្ស និងមហាជនយ៉ាងច្រើនកុះករ។
ទិវាបុណ្យឯករាជ្យជាតិ ថ្ងៃ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសដល់ព្រះរាជបូជនីយកិច្ចរបស់អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គ បានលះបង់ព្រះកាយពល និងព្រះបញ្ញាញាណយ៉ាងក្លៀវក្លាបំផុត ដើម្បីតស៊ូក្នុងក្របខ័ណ្ឌ នៃព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ ពីអាណានិគមបារាំង នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ៕
ដោយ ៖ សិលា