ភ្នំពេញ៖ យុវជន២នាក់បានជិះម៉ូតូឌុបគ្នាបង្ហោះតាមដងផ្លូវសាធារណៈរហូតជ្រុលចង្កូតទៅបុកផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម បណ្តាលឱ្យរបួសធ្ងន់ម្នាក់ និងស្លាប់ម្នាក់ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១១ ខែវិច្ជិកា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវបេតុង OCIC ស្ថិតនៅ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃើញយុវជន២នាក់ខាងលើ ជិះម៉ូតូហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ១គ្រឿងដែលគ្មានផ្លាកលេខ គ្មានកញ្ចក់ និងពុំឃើញមានពាក់មួកការពារសុវត្ថិភាពនោះទេ បានជិះឌុបគ្នាបង្ហោះម៉ូតូពេញដងផ្លូវ រហូតជ្រុលចង្កូតទៅបុកផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម បណ្តាលឱ្យស្លាប់ម្នាក់ និងម្នាក់ទៀតរងរបួសធ្ងន់ ។
បេីតាមការបង្ហាញវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋដែលថតបានពេលកំពុងធ្វើចរាចរណ៍បានបង្ហាញឱ្យឃើញទាំងស្រុងពីសកម្មភាពរបស់យុវជនទាំង២កំពុងបង្ហោះម៉ូតូតាមដងផ្លូវ រហូតជ្រុលចង្កូតទៅខាងឆ្វេងដៃបុកផ្ទប់ជាមួយផ្ទាំងប៉ាណូពេញទំហឹងបណ្តាលឱ្យអ្នកជិះពីក្រោយប្លោងទៅបុកផ្ទាំងប៉ាណូបែកក្បាលហូរឈាមដាបពេញផ្លូវរហូតដល់ស្លាប់ ចំណែកអ្នកឌុបបានរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋនាំគ្នាទាក់ទងទៅសមត្ថកិច្ចខាងរថយន្តសាមុយ មកដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញបានចុះមកដល់ទីតាំងកើតហេតុ និងធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តបន្តតាមនីតិវិធីនាពេលក្រោយ ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វេីកំណត់ហេតុប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ ៖ ភារ៉ា ដង្កោ