ភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដល់សាធារណជនជ្រាបថា កាលពី ខែមិថុនា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹង ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ចំនួន ៣ សំណុំរឿង គឺ៖
១. សំណុំរឿងព្រហ្មទណ្ឌលេខ ៣៩៩១ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ពីបទ ឃាតកម្ម និងប្រើប្រាស់ អាវុធដោយគ្មានការអនុញ្ញាត
២. សំណុំរឿងព្រហ្មទណ្ឌលេខ ៤០៥៩ ចុះថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ពីបទ ប៉ុនប៉ងឃាតកម្ម និង ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត
៣.សំណុំរឿងព្រហ្មទណ្ឌលេខ ៤១៩៥ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ពីបទ រំលោភលើលំនៅឋាន ប្រព្រឹត្តនៅចំណុចបុរីប៉េងហួតបឹងស្ងោរ ផ្ទះលេខ២៦ ផ្លូវលេខP-10F ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤។ បទល្មើសព្រហ្មទណ្ឌដែលមានចែង និងផ្តន្ទាទោសតាម មាត្រា ២៧ មាត្រា ១៩៩ មាត្រា ២៩៩ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា ២០ នៃច្បាប់ស្តីពី ការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ។ ចំពោះសំណុំរឿងទី១ និងទី២ ក្រោយពីបានស្រាវជ្រាវ និងបំពេញ កិច្ចស៊ើបសួរដោយម៉ត់ចត់តាមនីតិវិធីច្បាប់ចប់សព្វគ្រប់ ចៅក្រមស៊ើបសួរបានចេញដីកាដំណោះស្រាយសម្រេច បញ្ជូនសំណុំរឿងព្រហ្មទណ្ឌទាំង២ ខាងលើនេះ ទៅតុលាការជំនុំជម្រះ តាមដីកាសម្រេចបញ្ជូនសំណុំរឿង ទៅជំនុំជម្រះលេខ ៦៧៨៧ “ង” ដដ និងលេខ ៦៧៨៨ “ង” ដដ ចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤, ហើយតុលាការ នឹងកំណត់កាលបរិច្ឆេទសវនាការនៅពេលខ្លីខាងមុខនេះ។ រីឯសំណុំរឿងទី៣ ចៅក្រមស៊ើបសួរ បាន និងកំពុង ត្រៀមបិទការស៊ើបសួរ ដើម្បីបញ្ជូនសំណុំរឿងទៅជំនុំជម្រះ តាមនីតិវិធីច្បាប់។
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនផងដែរថា សាលាដំបូងរាជធានីភ្នំពេញ ក៏បាន ទទួលចាត់ការសំណុំរឿងរដ្ឋប្បវេណី ដែលភាគីដើមបណ្តឹងរដ្ឋប្បវេណីជាសាច់ញាតិរបស់ជនរងគ្រោះ បានដាក់ពាក្យសុំដីកាសម្រេចរក្សាការពាររឹបអូសទ្រព្យសម្បត្តិចលនវត្ថុ និងអចលនវត្ថុរបស់ជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ហើយតុលាការបានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិនោះតាមការស្នើសុំរបស់ភាគី ដើមបណ្តឹងរដ្ឋប្បវេណី។ ក្រោយមកមានបណ្ដឹងតវ៉ារបស់តតិយជនលើការសម្រេចរបស់តុលាការពាក់ព័ន្ធនឹង ដី ចំនួន ១ (មួយ) កន្លែង។ សំណុំរឿងរដ្ឋប្បវេណីទាំង២នេះ តុលាការកំពុងចាត់ការតាមនីតិវិធីច្បាប់។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា