ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបានប្រទះឃើញគ្រាប់មិនទាន់ផ្ទុះប្រភេទ ៦០មិលី្លម៉ែត្រ នៅភូមិប្រាសាទអណ្ដែត ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ហើយអាជ្ញាធរស្រុកបានចុះពិនិត្យ ដាក់សញ្ញាប្រុងប្រយ័ត្ន និងផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រុងប្រយ័ត្ន រង់ចាំការចុះអន្តរាគមន៍របស់កម្លាំងបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
លោក ឆឿន អឿន មន្ត្រីប៉ុស្តិ៍នគរបាលសណ្ដាន់ បានរាយការណ៍ថា គ្រាប់៦០មិលី្លម៉ែត្រនេះមានសភាពច្រែះខាងក្រៅ ប៉ុន្តែអាចបង្កគ្រោះថ្នាក់បាន ប្រសិនបើមានការប៉ះទង្គិច។ គ្រាប់នេះត្រូវប្រជាពលរដ្ឋរើសយកពីកន្លែងភ្ជូររាស់ដី ហើយទុកចោលក្បែរគល់ដើមត្នោត នៅលើផ្លូវទៅដីស្រែ ភូមិប្រាសាទ ឃុំសណ្ដាន់។ ដោយសារមានហានិភ័យនេះ ក្រុមការងារប៉ុស្តិ៍នគរបាលសណ្ដាន់បានដាក់សញ្ញាប្រុងប្រយ័ត្ន និងរាយការណ៍ជូនកម្លាំងបោសសម្អាតមីន។
នៅព្រឹកថ្ងៃទី ១២ ខែវិច្ឆិកា នេះ លោក ស៊ិន វណ្ណវុឌ្ឍ អភិបាលស្រុកសណ្ដាន់ បានចុះពិនិត្យកន្លែងនោះ និងណែនាំមេភូមិឲ្យផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរឆ្លងកាត់មានការប្រុងប្រយ័ត្នរហូតដល់មានកម្លាំងបោសសម្អាតមីនចុះអន្តរាគមន៍។
លោក ទេព សាម៉ុន ប្រធានផ្នែកផែនការនិងប្រតិបត្តិការជាន់ខ្ពស់នៃកម្លាំងបោសសម្អាតមីន បានឲ្យដឹងថា ករណីនេះគ្រោងនឹងចុះឆ្លើយតបនៅថ្ងៃទី ១៩ ខែវិច្ឆិកា ខណៈដែលមន្ត្រីជំនាញកំពុងជាប់បេសកកម្ម និងមានបញ្ហាផ្ទាល់ខ្លួនបន្តិច៕
ដោយ៖ សូរិយា