ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មការរដ្ឋសភា ជួបប្រជុំពិនិត្យ ពិភាក្សាលើសេចក្តីព្រាងច្បាប់ចំនួនពីរ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឈាង វុន ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា បានអញ្ជើញជួបប្រជុំជាមួយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ដើម្បីពិនិត្យ ពិភាក្សា លើសេចក្តីព្រាងច្បាប់ចំនួនពីររួមមាន៖ 

ទី១-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសភាសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ។

និងទី២-សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥។

នៅក្នុងកិច្ចប្រជុំនេះ បានរៀបចំឡើងនាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាតំណាងគណៈកម្មការជំនាញនានារបស់រដ្ឋសភា លោកជំទាវ សោម គឹមសួគ៌ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ និងឯកឧត្តម លោកជំទាវ មកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ គឺជាការឆ្លុះបញ្ចាំងអំពីលទ្ធផលនៃការអនុវត្តច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយគោរពទាំងស្រុង ទាំងកាលវសាន្តខ្លឹមសារ តាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដោយផ្អែកលើការបូកសរុបទិន្នន័យចំណូល និងចំណាយថវិកា ដែលត្រូវបានកត់ត្រាដោយគណនេយ្យករសាធារណៈ និងការផ្ទៀងផ្ទាត់អំពីភាពត្រឹមត្រូវនៃទិន្នន័យជាមួយអាណាប័កពាក់ព័ន្ធ ថវិកាថ្នាក់ជាតិ និងថវិកាថ្នាក់ក្រោមជាតិ។ តួលេខច្បាប់ស្តីពីហិរញ្ញវត្ថុឆ្នាំ២០២៣ ដែលត្រូវបានប្រើប្រាស់ជាមូលដ្ឋានសម្រាប់ប្រៀបធៀបជាមួយការអនុវត្តថវិកា គឺជាតួលេខឥណទានកែតម្រូវ ក្រោយការធ្វើនិយ័តកម្មឥណទានថវិកា និងបានបូកបញ្ចូលនូវតួលេខឥណទាននានាបន្ថែម តាមរយៈការធ្វើនិយ័តភាវូបនីយកម្មនៃកិច្ចប្រតិបត្តិការចំណាយថវិកាបន្ថែមសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ 

ទាក់ទិននឹងសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ លោកអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងជាមួយនឹងការគិតគូរថា សេដ្ឋកិច្ចកម្ពុជា ក៏ដូចជាសេដ្ឋកិច្ចសកលលោក និងតំបន់ ដែលនឹងបន្តដំណើរលើមាគ៌ាស្តារ និងជំរុញកំណើនឡើងវិញ បន្ទាប់ពីទទួលរងការប៉ះទង្គិចផ្ទួនៗពីវិបត្តិបន្តបន្ទាប់ក្នុងឆ្នាំកន្លងមក ប៉ុន្តែកំណើននេះ នៅមិនទាន់ឡើងដល់កម្រិតសក្តានុពលនៅឡើយ ទោះបីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ត្រូវបានរំពឹងទុកថា នឹងកាន់តែមានភាពប្រសើរឡើងជាងមុន។ ជារួម ទស្សនវិស័យសេដ្ឋកិច្ច ត្រូវបានវាយតម្លៃក្រោមសម្មតិកម្មថា ស្ថានភាពសង្គម សេដ្ឋកិច្ចនៃប្រទេសជាដៃគូសំខាន់របស់កម្ពុជា នឹងវិវត្តកាន់តែវិជ្ជមាន ហើយភាពតានតឹងខាងគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ នឹងមានភាពធូរស្រាលជាបណ្តើរៗ ដែលនឹងជះឥទ្ធិពលល្អមកលើក្របខ័ណ្ឌម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា ស្របពេលដែលចលនាករនៃការកែទម្រង់ស៊ីជម្រៅក្នុងប្រទេស នឹងបន្តហុចផលជាផ្លែផ្កា និងរួមចំណែកជាវិជ្ជមានដល់ដំណើរការអភិវឌ្ឍន៍។

បន្ទាប់ពី លោកអគ្គបណ្ឌិតសភាចារ្យ បានធ្វើការពន្យល់បកស្រាយលើខ្លឹមសារនៃសេចក្តីព្រាងច្បាប់ទាំងពីរ ក៏ដូចជាបានឆ្លើយនូវរាល់ចម្ងល់ដែលគណៈកម្មការរដ្ឋសភាបានសាកសួររួចមក លោក ឈាង វុន បានថ្លែងអំណរគុណជូនចំពោះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធ មុនីរ័ត្ន និងសហការី ដែលបានអញ្ជើញមកពន្យល់បកស្រាយយ៉ាងក្បោះក្បាយ ជូនដល់គណៈកម្មការជំនាញរដ្ឋសភា បានយល់ច្បាស់លើសេចក្តីព្រាងច្បាប់ទាំងពីរ ដែលនៅពេលនេះ គណៈកម្មការរដ្ឋសភាបានសម្រេចឯកភាពបញ្ជូនសេចក្ដីព្រាងច្បាប់ទាំងពីរទៅគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីពិនិត្យសម្រេចដាក់បញ្ចូលក្នុងរបៀបវារៈសម័យប្រជុំរដ្ឋសភានាពេលខាងមុខ ៕

ដោយ ៖ សិលា


ចែករំលែក៖