ភ្នំពេញ ៖ ដើម្បីចូលរួមប្រណាំងថ្នាក់ជាតិ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំការប្រណាំងទូកថ្នាក់រាជធានី ដកស្រង់បច្ចេកទេស មុននឹងចូលរួមប្រកួតថ្នាក់ជាតិ ក្នុងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤,១៥,១៦ វិច្ឆិកា ឆ្នាំ២០២៤ នៅមុខព្រះបរមរាជវាំង។
ការអុំទូកសាកល្បងនេះ ប្រព្រឹត្តទៅនារសៀលថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនៅមុខវត្តឧណ្ណាលោម សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ។
តាមការបញ្ជាក់ពី លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យដឹងថា៖ ការប្រណាំងថ្នាក់រាជធានី នៅរសៀលថ្ងៃទី១២ វិច្ឆិកា ឆ្នាំ២០២៤នេះ មានទាំងទូកអុំ,ទូកមួង ឬហៅថា ទូកចែវ,ទូកខ្នាតអន្តរជាតិ ទាំងបុរស នារី សរុបចំនួន៤៥ទូក ដោយចែក ចេញជា៣ប្រភេទ គឺទូកអុំបុរស២៧ទូក ទូកចែវ០៨ទូក ទូកខ្នាតអន្តរជាតិបុរស១០ទូក និងទូកខ្នាតអន្តរជាតិនារី០៣ទូក ។
លោកបន្តថា៖ គូរទូកទាំងអស់ ត្រូវប្រណាំង២ជើង គឺប្តូរខ្សែទឹកក្នុង និងខ្សែទឹកក្រៅ ដោយប្រើក្រូណូម៉ែត្រ សំរាប់ចាប់កំរិតល្បឿន។ លោកនាយកមន្ទីរ ក៏បានអរគុណដល់ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ និងស្ថាប័នពាក់ពន្ធ័ក្រោមឱវាទរាជធានីភ្នំពេញដែលបានជួយគាំទ្រទាំងស្មារតី និងថវិកាសំរាប់ការ ចំណាយក្នុងការប្រណាំងទូកជ្រើសរើសទូកលឿន, ទូកមធ្យម ដើម្បីចូលរួមប្រកួតថ្នាក់ជាតិ។
ចំណែកអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស បានឱ្យដឹងនៅល្ងាចថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០២៤ នេះថា៖ សំរាប់ការប្រណាំងទូកសាកល្បងកម្លាំង និងដក ស្រង់បច្ចេកទេសថ្នាក់រាជធានីនេះ មានបងប្អូនប្រជា ពលរដ្ឋចូលរួមទស្សនា ប្រមាណ៣ម៉ឺននាក់ ដែលបានធ្វើពិធីនេះ មានភាពគគ្រឹកគ្រេង ជាមួយនិងសំលេងអឺងកង។
ឯកឧត្ដម ឃួង ស្រេង ធ្លាប់បានមានប្រសាសន៍ហើយថា៖ អនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយក្នុងការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈជូនប្រជាពលរដ្ឋមកលេងបុណ្យអុំទូកឆ្នាំនេះ ឱ្យទទួលបានភាពសប្បាយរីករាយ។ ឯកឧត្ដមក៏នៅតែបន្តអំពាវនាវបន្ថែមទៀត ដល់បងប្អូនជាកីឡាករ កីឡាការនីអុំទូកទាំងអស់ ត្រូវហូបចុក និងសំរាកឲ្យបានគ្រប់គ្រាន់ ជៀសវាងផលប៉ះពាល់ដល់សុខភាព ដែលវានឹងប៉ះពាល់ដល់ការប្រកួត រួមទាំងការពង្រឹងសាមគ្គីភាព ក្នុងចំណោមបងប្អូនកីឡាករទាំងអស់ ដោយក្តីយោគយល់ និងអធ្យាស្រ័យគ្នា ព្រោះយើងមកចូលរួមលើកតំកើងប្រពៃណីទំនៀមទំលាប់ជាតិទាំងអស់គ្នា មិនមែនមកដើម្បីប្រើអំពើហឹក្សាណាមួយ រវាងគ្នា និងគ្នានោះទេ។
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក បានទាក់ទាញការចាប់អារម្មណ៍ខ្លាំងពីបងប្អូនប្រជាពលរដ្ឋគ្រប់តំបន់ ដែលជាការរួមចំណែកថែរក្សានូវប្រពៃណីទំនៀមទំលាប់ជាតិ តាំងពីយូរលង់មកហើយ។ ព្រះរាជពិធីបុណ្យអុំទូកនេះ បានបង្ហាញពីការរំលឹកដឹងគុណដល់កងទព័ជើងទឹកដ៏ខ្លាំងពូកែ ក្នុងបុព្វហេតុការពារបូរណៈភាពទឹកដីរបស់បុព្វបុរសខ្មែរច្រើនជំនាន់មកហើយ។ អត្ថន័យមួយទៀត គឺជាការបង្ហាញពីការដឹងគុណព្រះគង្គា ដែលបាននាំមកនូវទឹក និងដីល្បាប់ដ៏មានជីជាតិ សំរាប់ផលដំណាំដាំដុះរបស់ប្រជាពលរដ្ឋយើង ក្នុងការលើកស្ទួយវិស័យកសិកម្មជាតិ ឲ្យមានការរីកចំរើន។ ម៉្យាងទៀត ក៏ជាការផ្តល់ឱកាសសប្បាយរីករាយ និងសាមគ្គីភាព ក្នុងមហាគ្រួសាសំរាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ក្នុងសុខសន្តិភាពដ៏បរិបូណ៍ រួមទាំងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិយ៉ាងឆាប់រហ័ស ពិសេសនៅរាជធានីភ្នំពេញក្រោមការដឹកនាំរបស់សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងការដឹកនាំអនុវត្តដោយផ្ទាល់ពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ៕
ដោយ ៖ សំរិត