ភ្នំពេញ ៖ ក្នុងនាមថ្នាក់ដឹកនាំ សមាជិកសមាជិការដ្ឋសភានិងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា អ្នកនាំពាក្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា មានការសោកស្តាយនិងប្រឆាំងដាច់ខាត ចំពោះឥរិយាបថនិង សម្តីអសីលធម៌ របស់បុគ្គលបីរូបដែលតាំងខ្លួនជាអ្នកសារព័ត៌មាន បានទូរស័ព្ទមកកាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗនេះ ដែលបានប្រើពាក្យ ពេចន៍អសុរោះគ្មានសីលធម៌ គ្មានវិជ្ជាជីវៈ ដោយបានតម្លើងវោហារសាស្ត្រខ្ពស់កប់ពពក ប្រាសចាកឆ្ងាយពី ទំនៀមទម្លាប់ សុជីវធម៌ ឱ្យសក្តិសមជាកូនខ្មែរដែលមានពូជពង្សវង្សត្រកូលថ្លៃថ្នូរ មានចរិយាធម៌ខ្ពង់ខ្ពស់ ស្គាល់ ចាស់ស្គាល់ទុំ ស្គាល់បុណ្យស្គាល់បាបឡើយ។
ពាក្យសម្តីនិងឥរិយាបថច្រឡើសបើសរបស់សមាជិកក្រុមជ្រុលនិយមក្រៅច្បាប់នេះ បានសបង្ហាញឱ្យ ឃើញពីសារជាតិ «ទមិឡ របស់ក្រុមគេ ដែលដឹកនាំដោយមេខ្លោងជាជនឧទ្ទាមក្រៅច្បាប់ ដែលមិនធ្លាប់គោរព ច្បាប់ ជាតិ សាសនា របស់ខ្លួនទាល់តែសោះ។ ពួកគេស្គាល់និងប្រើតែពាក្យពេចន៍អុជអាល ព្យាបាទ គុំកួន គ្មាន សន្តិភាពផ្លូវចិត្តជារៀងរហូតមក។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាឥស្សរជនកំពូលរបស់ជាតិ ជាមគ្គទេសក៍សន្តិភាពរបស់ កម្ពុជាដែលបានលះបង់សាច់ស្រស់ឈាមស្រស់ រំដោះអាយុជីវិតប្រជាពលរដ្ឋ និងប្រទេសជាតិចេញពីរណ្តៅ មរណៈនៃរបបប៉ុលពតប្រល័យពូជសាសន៍។ សម្តេចតេជោ បានធ្វើពលិកម្មទាំងកម្លាំងកាយ ប្រាជ្ញា ស្មារតី ក្នុងការ ដឹកនាំប្រទេសជាតិ ស្តារនិងកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យទទួលបានសុខសន្តិភាព ស្ថិរភាពសង្គម មានការ អភិវឌ្ឍដូចសព្វថ្ងៃនេះ។ គុណសម្បត្តិដ៏មហិមារបស់សម្តេចតេជោ ត្រូវបានទទួលស្គាល់ ផ្តល់តម្លៃ និងគោរព យ៉ាងធំធេងពីសំណាក់ប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទី និងនៅលើឆាកអន្តរជាតិផងដែរ។ សម្តេចតេជោត្រូវបាន ថ្នាក់ដឹកនាំ និងវេទិកាតំបន់ក៏ដូចជាសកលលោក បានផ្តល់ជូននូវសញ្ញាបត្របណ្ឌិតកិត្តិយស គ្រឿងឥស្សរិយ យស ពានរង្វាន់ជាថ្នាក់ដឹកនាំគម្រូ ជាអ្នកការពារសន្តិភាព យ៉ាងច្រើនឥតគណនា។
សម្តេចតេជោបានប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ មេត្តាធម៌ ព្រហ្មវិហារធម៌ ចំពោះបងប្អូនជនរួមជាតិ ហើយ តែងតែស្ថិតនៅជាប់ជាមួយពលរដ្ឋ ទទួលជួបសន្ទនា ស្តាប់មតិយោបល់របស់ប្រជាពលរដ្ឋគ្រប់ស្រទាប់។ ផ្ទុយទៅវិញអ្វីដែលមិនអាចទទួលយកបាន ក្រុមជ្រុលនិយមនេះបែរជាប្រមាថកាតទាន ប្រើពាក្យសម្តីអសុរោះ និងឥរិយាបថមិនគួរគប្បី លើសម្តេចទៅវិញ។ អ្វីដែលសមាជិកក្រុមជ្រុលនិយម បានប្រព្រឹត្តិមកលើសម្តេចតេជោ ជាសារជាតិពិតប្រាកដរបស់ពួកគេដែលចេះត្រឹមតែអុជអាល បំបែកបំបាក់ ក្នុងចេតនាដ៏អាក្រក់ ដើម្បីបំផ្លាញសុខ សន្តិភាព និងបង្កវិនាសកម្មសម្រាប់ជាតិខ្មែរតែប៉ុណ្ណោះ។ ពួកគេជាក្រុមដែលគ្មានសីលធម៌ គ្មានសុជីវធម៌ និងមិន សក្តិសមជាកូនខ្មែរនិងអ្នកមានការអប់រំនោះឡើយ។
អ្នកនាំពាក្យរដ្ឋសភា សូមអំពាវនាវបងប្អូនជនរួមជាតិថ្កោលទោសរាល់សកម្មភាពច្រឡើសរើស គ្មានសីលធម៌ ខ្វះវិជ្ជាជីវៈ ខ្វះសុជីវធម៌ ប្រាសចាកពីទំនៀមទម្លាប់និងសេចក្តីថ្លៃថ្នូរដ៏ផូរផង់របស់សង្គមជាតិនេះ និងសូម ប្រឆាំង ដាច់ខាតនូវរាល់សកម្មភាពណាដែលរំលោភបំពានច្បាប់ ជាពិសេសចេតនាដ៏អាក្រក់ក្នុងការបំផ្លាញសុខសន្តិភាព និងបង្កវិនាសកម្មសម្រាប់ជាតិនោះ៕
ដោយ ៖ សិលា