ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បើកឡានទៅដឹកអម្ពិលទុំនិង បន្លែឱ្យប្រពន្ធលក់ ស្រាប់តែគាំងបេះដូងស្លាប់តាមផ្លូវ

ចែករំលែក៖

ភ្នំពេញ៖ បុរសជាប្តីមានជំងឺមហារីកបេះដូងបានបើករថយន្តមួយគ្រឿង ឆ្ពោះទៅកាន់ផ្សារដើមគ ដើម្បីដឹកអម្ពិលទុំ និងបន្លែយកទៅឱ្យប្រពន្ធលក់នៅផ្សារអូដឹម ខណៈបើករថយន្តមកដល់ចំណុចភ្លើងស្តុបទឹកល្អក់ ផ្លូវកម្ពុជាក្រោម បុរសជាប្តីនោះបានគាំងបេះដូងស្លាប់ភ្លាមៗ ចំណែករថយន្តបានឈប់នៅកណ្តាលផ្លូវតែម្តង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤០នាទីទៀបភ្លឺចូលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅចំណុចភ្លើងស្តុបទឹកល្អក់ តាមបណ្តោយមហាវិថីកម្ពុជាក្រោម ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ជនរងគ្រោះជាប្តីនោះមានវ័យប្រមាណជា៤០ឆ្នាំ មានជំងឺមហារីកបេះដូង មុខរបរដឹកអីវ៉ាន់ បន្លែផ្លែឈើឱ្យប្រពន្ធលក់ដូរនៅផ្សារអូដឹម។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញជនរងគ្រោះបើករថយន្តមួយគ្រឿងម៉ាក សាំងយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ2Q-6180 បើកបរតាមបណ្តោយមហាវិថីកម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តរបស់ជនរងគ្រោះបានឈប់នៅកណ្តាលផ្លូវ ពេលនោះប្រជាពលរដ្ឋបាននាំគ្នាទៅមើល ក៏បានឃើញជនរងគ្រោះកំពុងគាំងបេះដូងស្លេកមុខស្លេកមាត់រហូតដាច់ខ្យល់ស្លាប់ភ្លាមមួយរំពេចតែម្តង ដោយគ្មាននរណាម្នាក់ជួយគាត់បាននោះទេ។

ស្ត្រីជាប្រពន្ធបានបញ្ជាក់ថា ប្តីរបស់គាត់មានជំងឺមហារីកបេះដូង សព្វថ្ងៃប្រកបរបរលក់បន្លែផ្លែឈើនៅផ្សារអូដឹមរៀងរាល់វេលាម៉ោង ២ ឬ ៣ទៀបភ្លឺ ប្តីរបស់គាត់តែងបើករថយន្តទៅផ្សារដើមគដើម្បីលើកបន្លែ និងអម្ពិលទុំ ដើម្បីយកឱ្យគាត់ជាប្រពន្ធលក់ដូរនៅផ្សារអូដឹមជារៀងរាល់យប់។ នៅយប់កើតហេតុនេះ ប្តីរបស់គាត់បានចេញពីផ្ទះដោយបើករថយន្តមកដឹកបន្លែដូចសព្វដង តែមិនយូរប៉ុន្មានផងស្រាប់តែមានគេទំនាក់ទំនងតាមរយៈប្រព័ន្ធទូរស័ព្ទមកថា ប្តីរបស់គាត់បានគាំងបេះដូងស្លាប់នៅតាមផ្លូវហើយ។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះមកដល់ចំណុចកើតហេតុ រួចធ្វើលិខិតប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖