ភ្នំពេញ ៖ លោក លី សាម៉េត, លោក ដួង តារា, លោក ឡាច សំរោង និងលោក កន សុខកាយ ត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពីបទ «ប៉ុនប៉ងក្នុងបទសូកប៉ាន់» តាមបញ្ញត្តិមាត្រា ២៧ មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ។ នេះបើតាមការបញ្ជាក់របស់លោក ប្លង់ សុផល អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានឃាត់ខ្លួនលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ពាក់ព័ន្ធករណីសូកប៉ាន់យកតំណែងតាមរយៈក្រុមលោក លី សាម៉េត ហៅគ្រូមា ក្នុងទំហំទឹកប្រាក់ ៣០ម៉ឺនដុល្លារអាម៉េរិក។ បន្ទាប់ពីសាកសួរ និងស្តាប់ចម្លើយរួច អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជូនលោក កន សុខកាយ ទៅតុលាការនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។
លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា ៖ “អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនលោក កន សុខកាយ កាលពីថទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤។ ហើយកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជូនសំណុំរឿងគាត់ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញហើយ។ គាត់ជាប់សង្ស័យពីការប៉ុនប៉ង សូកប៉ាន់ ដើម្បីរកតំណែង”។
សូមរំលឹកថា លោក លី សាម៉េត ហៅគ្រូមា និងលោក ដួង តារា ត្រូវបានចៅក្រមស៉ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនកាលពីពេលកន្លងទៅ ខណៈលោក កន សុខកាយ អតីតអភិបាលស្រុកល្វាឯម ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួននៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤។ ដោយឡែក លោក ឡាច សំរោង កំពុងរត់គេចខ្លួន៕
ដោយ៖ ជ្រោយពេជ្រ