ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបញ្ជូនសំណុំរឿងពាក់ព័ន្ធករណី ក្រុមក្មេងទំនើង០២ក្រុម មានគ្នាចំនួន០៧នាក់ បានប្រើប្រាស់ ខ្សែក្រវ៉ាត់ និងមួកសុវត្ថិភាព ធ្វើសកម្មភាពវាយប្រតាយប្រតប់គ្នាទៅវិញទៅមក នៅចំណុចមុខវិទ្យាស្ថានជាតិអប់រំ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០៣ និង ០០ នាទី ទៀបភ្លឺ។
ស្រាប់តែពេលនោះក៏មានកម្លាំងសមត្ថកិច្ចបានមកដល់ និងបានធ្វើការឃាត់ខ្លួនបានជនសង្ស័យទាំងចំនួន៧នាក់ ១-ឈ្មោះ រឺ ខៀវ ហៅ ខៀវ ភេទប្រុស អាយុ២៤ឆ្នាំ ២-ឈ្មោះ ឃឹម ជីវន្ត័ ភេទប្រុស អាយុ២០ឆ្នាំ ៣-ឈ្មោះ ហេង ម៉ាត់ ភេទប្រុស អាយុ២៤ឆ្នាំ ៤-ឈ្មោះ អឿន អុល ហៅ ពូ ភេទប្រុស អាយុ២៦ឆ្នាំ ៥-ឈ្មោះ ហ៊ន រិទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ៦-ឈ្មោះ វិណ មករា ហៅ រា ភេទប្រុស អាយុ១៩ឆ្នាំ និង៧-ឈ្មោះ ផាន សាមម៉ាឌី ភេទប្រុស អាយុ១៩ឆ្នាំ រួមជាមួយ វត្ថុតាង ខ្សែក្រវ៉ាត់ចំនួន០៤ខ្សែ និងមួកការពារចំនួន០១ ។
ក្រោយពីបានទទួល និងពិនិត្យលើសំណុំរឿងនេះ តំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យទាំង ០៧ នាក់ខាងលើ ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចមុខវិទ្យាស្ថានជាតិអប់រំ ភូមិ៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមានបញ្ញត្តិឲ្យផ្តន្ទាទោសតាម មាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មានតាមការគួរ ៕
ដោយ៖ តារា