ព័ត៌មានទាន់ហេតុការណ៍៖

កិច្ចប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ៖​ នៅនាយកដ្ឋានអង្គរក្ស នាព្រឹកថ្ងៃពុធ ១៣ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី , លោក ជួន សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស អញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសប្រារព្ធព្រះរាជពិធី បុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ថ្នាំដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ , ថ្នាក់ដឹកនាំកងរាជអាវុធហត្ថលើផ្ទៃប្រទេស , ថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ , ក្រុមការងារអគ្គិសនីកម្ពុជា ,ក្រុមការងារសុខាភិបាល, អាជ្ញាធររាជធានីភ្នំពេញ នឹងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនទៀតផងដែរ។ 

គួរជម្រាបជូនថា​ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានអនុគណៈកម្មការការពាររក្សាសន្ដិសុខ របៀបរៀបរយ សណ្ដាប់ធ្នាប់សង្គម ចរាចរណ៍ សង្គ្រោះទូកលិច និងអ្នកជំងឺ​ កាលពីម្សិលមិញនេះ​ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក​ ដោយបានលើកឡើងថា៖​ ផែនការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីនេះ ត្រូវបានរៀបចំយ៉ាងម៉ត់ចត់ ដោយមានការចូលរួមសហការពីអាជ្ញាធរមូលដ្ឋាន និងក្រសួង ស្ថាប័នដែលមានការពាក់ព័ន្ធ ដើម្បីធានាថា ព្រះរាជពិធីបុណ្យទូក នឹងត្រូវបានប្រព្រឹត្តទៅដោយរលូន មិនមានបញ្ហាណាមួយកើតឡើងនោះឡើយ។​ ខណៈ​កម្លាំងសមត្ថកិច្ចចម្រុះប្រមាណជាង​ ១ម៉ឺន៦ពាន់នាក់ នឹងត្រូវដាក់ពង្រាយដើម្បីការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅក្នុងរាជធានីភ្នំពេញ។​

នាយឧត្តមសេនីយ៍ ស ថេត បានឱ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក នៅឆ្នាំ២០២៤នេះ មានទូកចូលរួមប្រណាំងចំនួន៣៤៦គ្រឿង, ចំណុះទូកជាង២ម៉ឺននាក់, ប្រទីបចំនួន៣៦ប្រទីប, ទីតាំងប្រគុំតន្ដ្រី ប្រដាល់ និងពិធីផ្សេងៗ ចំនួន១០កន្លែង។ លោកនាយឧត្តមសេនីយ៍ បន្ដថា ក្រោមម្លប់សន្តិភាព និងភាពរីកចម្រើនរបស់ប្រទេសជាតិ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និង សំពះព្រះខែ អកអំបុក ឆ្នាំ២០២៤ នឹងត្រូវរៀបចំយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗ។​ ក្នុងន័យនេះ​ នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា គ្រប់កម្លាំងសមត្ថកិច្ចទាំងអស់ដែលមានតួនាទីភារកិច្ចការពារសន្ដិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាព ក្នុងព្រះរាជពិធីនេះ គឺត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ពោលត្រូវធានាដល់ព្រះរាជសុវត្ថិភាពអង្គព្រះមហាក្សត្រ សម្តេច ឥស្សរជនជាន់ខ្ពស់ និងមហាជនដែលអញ្ជើញមកពីបណ្តាខេត្តទូទាំងប្រទេស អញ្ជើញចូលរួមអបអរសាទរកម្សាន្ដសប្បាយ៕

ដោយ​៖ តារា​


ចែករំលែក៖