ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញចំនួន២០រូបត្រូវបានប្រកាសតែងតាំងនិងប្រគល់ភារកិច្ច បំពេញការងារក្នុងការអភិវឌ្ឍ

ចែករំលែក៖

ភ្នំពេញ៖ មន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលរាជធានីភ្នំពេញចំនួន២០រូបត្រូវបានប្រកាសតែងតាំងនិងប្រគល់ភារកិច្ច ជូនដើម្បីបំពេញការងារក្នុងការអភិវឌ្ឍរាជធានីភ្នំពេញអោយរីកចំរើនបន្ថែមទៀត ក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

មន្ត្រីរាជការដែលត្រូវតែងតាំងទាំង២០រូបនេះមានដូចជា លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល, លោកស្រី មួក យុវល័ក្ខ នាយិកាអង្គភាពច្រកចេញចូលតែមួយ ឱ្យកាន់មុខតំណែងជានាយិការងរដ្ឋបាលសាលារាជធានីភ្នំពេញ។ លោក ព្រំ ថា ឱ្យកាន់មុខ តំណែងជានាយកទីចាត់ការរដ្ឋបាល, លោក សេង បញ្ញា ឱ្យកាន់មុខតំណែងជា នាយកទីចាត់ការផែនការនិងវិនិយោគ, លោកស្រី ឈុន បូរ៉ាវី ឱ្យកាន់មុខតំណែងជានាយិកាទីចាត់ការគ្រប់គ្រងធនធាន មនុស្ស, លោក ឡាយ អ៊េវិន ឱ្យកាន់មុខ តំណែងជាប្រធានអង្គភាពច្រកចេញចូលតែមួយ ជាមួយនិងការតែងតាំងជា អនុប្រធានការិយាល័យនិងអនុប្រធានអង្គភាពច្រកមួយចំនួនទៀត។

ការប្រកាសតែងតាំង និងប្រគល់ភារកិច្ចនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ ក្រោមវត្តមានលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា និងលោក កើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

ក្នុងកិច្ចប្រជុំនេះ សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រៅពីការកោតសរសើរចំពោះអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច ក្នុងការបំពេញការងារលើការអភិវឌ្ឍនិងធ្វើអោយភូមិសង្កាត់មានសុវត្ថិភាព ហើយក៏បានស្នើអោយអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច បន្តរក្សាសន្តិសុខ សណ្តាប់ធ្នាប់អោយបានល្អបន្ថែមទៀត ពិសេស ការថែរក្សាអោយបាននូវសន្តិសុខសុវត្ថិភាពជូនពលរដ្ឋដែលមកលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ដល់១៦វិច្ឆិកានេះ។

លោកកើត ឆែ អភិបាលរងរាជធានីបានមានប្រសាសន៍លើកឡើងថា៖ ការកោតសរសើររបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ពិតជាបានលើកទឹកចិត្តដល់រដ្ឋបាលរាជធានីភ្នំពេញ បន្តការខិតខំបំពេញការងារអោយកាន់តែល្អបន្ថែមទៀត។ ចំពោះការស្នើរបស់ក្រុមប្រឹក្សារាជធានីអោយបន្តថែរក្សាសន្តិសុខសុវត្ថិភាព ជូនពលរដ្ឋមកលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក គឺរដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរួចរាល់អស់ហើយ ជាមួយការប្រើប្រាស់កងកម្លាំងមានសមត្ថកិច្ចជាង១ម៉ឺននាក់ ដើម្បីទប់ស្កាត់បទល្មើសលូច ឆក់ ប្លន់ ទប់ស្កាត់ពួកជ្រុលនិយម បទល្មើសផ្សេងៗទៀត។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញក្នុងឱកាសនោះ ក៏បានមានប្រសាសន៍លើកឡើងផងដែរថា៖ ក្នុង១ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញបានបំពេញការងារបានយ៉ាងល្អ ទាំងការរក្សាសន្តិសុខ សុវត្ថិភាព និងការអភិវឌ្ឍ។ ជាងនេះទៅទៀត រាជធានីភ្នំពេញ ត្រូវបានការិយាល័យអចិន្ត្រៃយ៍ និងអង្គសន្និបាតសម្រេចបោះឆ្នោតបន្តអាណត្តិជាសមាជិកការិយាល័យអចិន្ត្រៃយ៍ និងជាពិសេសគាំទ្រឱ្យក្លាយជាអនុប្រធានការិយាល័យ អចិន្ត្រៃយ៍របស់សមាគមAIMFថែមទៀត៕.

ដោយ ៖ សំរិត


ចែករំលែក៖