ខេត្តព្រៃវែង ៖ មួយថ្ងៃមុនការចាប់ផ្ដើមព្រះរាជពិធីបុណ្យអុំទូក បណ្ដែបប្រទីប និងសំពះព្រះខែ អកអំបុក លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញសួរសុខទុក្ខ និងលើកទឹកចិត្តកីឡាករអុំទូកង ខ្នាតវែង និងខ្លី សរុបចំនួន៥៥ទូក មកពីក្រុងស្រុកចំនួន៦ ក្នុងខេត្តព្រៃវែង។
យោងតាមរបាយការណ៍លោក ប៉ាវ សុធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រៃវែង ទូកទាំង៥៥នោះ មានមកពីស្រុកពោធិ៍រៀង ចំនួន៣៦ទូក ស្រុមពាមរក៍ ចំនួន៦ទូក ស្រុកពារាំង ចំនួន៧ទូក ស្រុកពាមជរចំនួន៤ទូក ក្រុងព្រៃវែងចំនួន៤ទូក និងស្រុកសុីធរកណ្ដាលចំនួន៧ទូក សរុបចំណុះទាំងពិត និងបម្រុង មានប្រមាណជាង២០០០នាក់ ក្នុងនោះក៏មានទូកងចំនួន១១ ចូលរួមប្រណាំងផែនគូពិសេសផងដែរ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានគូសបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក គឺជាមហាព្រឹត្តិការណ៍កីឡាដែលមានកីឡាករ និងអ្នកចូលរួមច្រើនជាងគេបំផុត ហើយការប្រារព្ធព្រះរាជពិធីនេះ គឺជាការបញ្ជាក់ច្បាស់អំពីមនុញ្ញផលនៃសុខសន្តិភាព ដែលប្រជាពលរដ្ឋមកពីគ្រប់មូលដ្ឋានទូទាំងប្រទេស និងភ្ញៀវអន្តរជាតិ មានឱកាសបានមកចូលរួមសប្បាយរីករាយ និងបង្ហាញពីសាមគ្គីភាពដ៏រឹងមាំរបស់ប្រជាជនខ្មែរ ក្រោមម្លប់ព្រះបារមីព្រះមហាក្សត្រ និងការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាលទាំងកន្លងមក មានសម្ដេចតេជោ ជាប្រមុខ និងបច្ចុប្បន្ន មានសម្ដេចធិបតី ជានាយករដ្ឋមន្រ្តី។
លោកអភិសន្តិបណ្ឌិត ក៏បានជម្រាបជូនកីឡាករទូកងខេត្តព្រៃវែង នូវសេចក្ដីផ្ដាំផ្ញើសួរសុខទុក្ខ និងការលើកទឹកចិត្តខ្ពស់ ពីសម្ដេចក្រឡាហោម ស ខេង សមាជិកឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកស្រី ព្រមទាំងបានមានប្រសាសន៍ជំរុញឱ្យកីឡាករទាំងអស់ ថែរក្សាសុខភាព មានអនាម័យ គោរពការរៀបចំ និងគ្រប់គ្រងរបស់គណៈកម្មការគ្រប់ផ្នែក មានវិន័យក្នុងការប្រកួត ផ្ដល់នូវការស្រលាញ់រាប់អានគ្នាទៅវិញទៅមកជាមួយដៃគូប្រកួត និងត្រូវខិតខំឱ្យអស់ពីលទ្ធភាពដើម្បីដណ្ដើមយកជ័យជម្នះជូនវត្ត ភូមិ ស្រុក ក្រុង និងខេត្តព្រៃវែងទាំងមូល។
ភ្ជាប់នឹងការថ្លែងអំណរគុណសប្បុរសជន រួមទាំងក្រុមហ៊ុនវឌ្ឍនៈ ថ្នាក់ដឹកនាំ ក្រុមការងារ និងអាជ្ញធរ ដែលបានចូលរួមឧបត្ថម្ភគាំទ្រ លោកអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ក៏បានផ្ដល់នូវអំណោយរួមមាន ថវិកា អង្ករ ទឹកសុទ្ធ មី ត្រីខ ទឹកសុីអុីវ ទឹកត្រី ភេសជ្ជៈ ជូនដល់កីឡាករទូកងទាំងអស់ ព្រមទាំងអនុគណៈកម្មការបច្ចេកទេសនិងគ្រប់គ្រងទូក គណៈកម្មការសន្តិសុខនិងសណ្ដាប់ធ្នាប់ គណៈកម្មការបរិស្ថាននិងសុខាភិបាល និងគណៈកម្មការផ្គត់ផ្គង់និងហិរញ្ញវត្ថុ ដែលដឹកនាំនិងគ្រប់គ្រងដោយរដ្ឋបាលខេត្តព្រៃវែង៕
ដោយ ៖ សិលា