ភ្នំពេញ ៖ ក្រសួងសាធារណការ និង ដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ៖ ស្ពាននេះមានបណ្ដោយប្រវែង ៧៧៩ម៉ែត្រ ទទឹងប្រវែង ៩,២ម៉ែត្រ ឆ្លងកាត់ទន្លេមេគង្គពីភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិសាស្ត្រ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ហើយបានចាប់ផ្តើមសាងសង់កាលពីខែឧសភា ឆ្នាំ២០១១ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨។
ក្រសួងសាធារណការ និង ដឹកជញ្ជូន បន្តថា ៖ ស្ពាននេះ ជាសសៃឈាមដ៏សំខាន់មួយសម្រាប់ការតភ្ជាប់ទំនាក់ទំនង និងសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅ សងខាងដៃទន្លេបានឆាប់រហ័ស និងអាចតភ្ជាប់មកកាន់ទីប្រជុំជនបានដោយងាយស្រួល ដោយកន្លងមកប្រជាពលរដ្ឋបានធ្វើដំណើរតាមទូកដ និងប្រដឺសជួបការលំបាក និងចំណាយថ្លៃខ្ពស់៕
ដោយ ៖ សិលា