ភ្នំពេញ៖ សមាគមស្វាយចន្ទីកម្ពុជាឱ្យដឹងថា កម្ពុជាបាន នាំចេញគ្រាប់ស្វាយចន្ទីជាង ៧៩០ ០០០ តោនទៅកាន់ប្រទេសវៀតណាម ក្នុងរយៈពេល ១០ ខែនៃឆ្នាំ២០២៤ នេះនិងរកចំណូលបាន ១.១១០ ពាន់លានដុល្លារ កើន ឡើង ៣៦ ភាគរយ។ លើសពីនេះ តម្លៃគ្រាប់ស្វាយចន្ទីបានកើនឡើង ៩ ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។
បើតាមសមាគមស្វាយចន្ទីកម្ពុជា ប្រទេសកម្ពុជា មានទិន្នផលស្វាយចន្ទី បាននិងកំពុងកើនឡើងពី១ឆ្នាំ ទៅ១ឆ្នាំ ហើយទិន្នផលដែលកំពុងប្រមូលផលក៏ខ្ពស់ជាងមុនផងដែរ។ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២៤នេះ កម្ពុជាប្រមូលផលគ្រាប់ស្វាយចន្ទីបានចំនួន ៨៤០,០០០ តោន កើនឡើង ២៦ ភាគរយ បើធៀបនឹងឆ្នាំមុន។
សម្រាប់សមាគមស្វាយចន្ទីកម្ពុជាមើលឃើញថា និន្នាការនៃការដាំស្វាយចន្ទី ត្រូវបានគេរំពឹងថា នឹងបន្តកើនឡើង ដោយសារតម្លៃនៅតែខ្ពស់ កង្វះការផ្គត់ផ្គង់ជាសកល ដែលជំរុញឱ្យមានតម្រូវការកើនឡើង។ អនុប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក ស៊ុយ កុកធាន បានប្រាប់អ្នកយកព័ត៌មានថា កសិករជាច្រើន ដែលដាំស្វាយចន្ទី កំពុងពិបាករកដើមស្វាយចន្ទីមកដាំ ដោយសារតម្រូវការគ្រាប់ពូជលើសការផ្គត់ផ្គង់។ ជាលទ្ធផល កសិករកាន់តែច្រើនបានងាកមកដាំស្វាយចន្ទីជារៀងរាល់ឆ្នាំ ដោយសារតម្លៃគ្រាប់ស្វាយចន្ទី ដែលមានគុណភាពខ្ពស់។ យោងតាមរបាយការណ៍ បានឲ្យដឹងថា ចម្ការស្វាយចន្ទីថ្មីៗ កំពុងត្រូវបានបង្កើតឡើងជារៀងរាល់ឆ្នាំ ទាំងឆ្នាំមុន និងឆ្នាំ២០២៤នេះ។
គួរបញ្ជាក់ផងដែរថា ដីដែលមានជីវជាតិសម្រាប់ដំណាំស្វាយចន្ទី មានក្នុងខេត្តជាច្រើនទូទាំងប្រទេសកម្ពុជា ហើយខេត្តដែលដាំស្វាយចន្ទីច្រើនជាងគេរួមមាន៖ ខេត្តកំពង់ធំ ក្រចេះ ស្ទឹងត្រែង សៀមរាប កំពង់ចាម ឧត្តរមានជ័យ មណ្ឌលគិរី រតនគិរី ព្រះវិហារ ត្បូងឃ្មុំ និងកំពង់ឆ្នាំង។ ក្នុងឆ្នាំ២០២៣កន្លងទៅ កម្ពុជា បាននាំ ចេញគ្រាប់ស្វាយចន្ទី៦៥៦,០០០ តោន រកចំណូលបាន ៨៣៧ លានដុល្លារ៕
ដោយ៖ សូរិយា