ខេត្តសៀមរាប ៖ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងអនុប្រធានសភាប្រជាជនក្រុងតាលៀន នៃសាធារណរដ្ឋប្រជាមានិតចិន នឹងបន្តពង្រឹងចំណងមិត្តភាព និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអប់រំ ទេសចរណ៍ និងវប្បធម៌ ជាពិសេសការមានបំណងចង់ឱ្យមាន Charter flight រវាងខេត្ត-ក្រុងទាំងពីរ។
នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំសាលាខេត្ត មានជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងរដ្ឋបាលខេត្ត ដឹកនាំដោយ លោក លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ជាមួយ ឯកឧត្តម XU SHAODA អនុប្រធានសភាប្រជាជនក្រុងតាលៀន នៃសាធារណរដ្ឋប្រជាមានិតចិន។
លោក ប្រធានក្រុមប្រឹក្សា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះប្រតិភូនៃក្រុងតាលៀន នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអញ្ជើញមកទស្សនកិច្ចនៅខេត្តសៀមរាបនាពេលនេះ។ ឯកឧត្តម ក៏ស្នើដល់អនុប្រធានសភា នៃក្រុងតាលៀនឱ្យជួយជំរុញ និងផ្សព្វផ្សាយដល់ប្រជាជនចិនអំពីតំបន់ទេសចរណ៍ វប្បធម៌ និងអរិយធម៌របស់ខ្មែរដល់ប្រជាជនចិន ដើម្បីមកទស្សនាកម្សាន្តនៅខេត្តសៀមរាប។ ជាមួយគ្នានេះដែរ លោក ក៏បានស្នើឱ្យមានការហោះហើរត្រង់ពីក្រុងតាលៀន មកកាន់ខេត្តសៀមរាប។
លោក ប្រធានគណៈប្រតិភូក្រុងតាលៀន ក៏បានបង្ហាញពីគោលបំណង នៃដំណើរទស្សនកិច្ចនៅខេត្តសៀមរាប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យអប់រំ ទេសចរណ៍ និងវប្បធម៍។ ជាមួយនឹងការហោះហើរត្រង់រវាងក្រុង និងខេត្តសៀមរាប ឯកឧត្តម ក៏មានបំណងចង់ឱ្យមាន Charter flight រវាងខេត្ត-ក្រុងទាំងពីរផងដែរ ចំពោះការងារមេះ លោកនឹងជំរុញបន្ថែមទៀតដើម្បីឱ្យបានជោគជ័យ។
លោក ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ប្រធានគណៈប្រតិភូ ដែលបានយកចិត្តទុកដាក់ខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងខេត្ត-ក្រុងទាំងពីរ។ លោក សង្ឃឹមយ៉ាងមុតមាំថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរឡើងថែមទៀត៕
ដោយ ៖ សិលា