ព័ត៌មានទាន់ហេតុការណ៍៖

លោក Xi Jinping ផ្ញើសារលិខិតអបអរសាទរចំពោះការផលិតរួចរាល់និងដាក់ឱ្យប្រើប្រាស់នៃនាវាខួងយកប្រេងនៅមហាសមុទ្រឈ្មោះ “សុបិន”របស់ប្រទេសចិន

ចែករំលែក៖

អន្តរជាតិ ៖ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ គេហទំព័រ «CCFR China state-controlled media » បានផ្សាយថា ៖  នាវាខួងយកប្រេងនៅមហាសមុទ្រគ្រឿងទីមួយឈ្មោះ “សុបិន” ដែលចិនបានរចនានិងផលិតដោយឯករាជ្យម្ចាស់ការត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅទីក្រុងក្វាងចូវនៅថ្ងៃទី ១៧ ខែវិច្ឆិកា ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើសារលិខិតអបអរសាទរយ៉ាងកក់ក្តៅ។

 គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានលើកឡើងនៅក្នុងសារលិខិតថា ការសាកល្បងប្រតិបត្តិលើសមុទ្រដោយជោគជ័យ និងការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៃនាវា “សុបិន” គឺជាជំហានដ៏សំខាន់មួយសម្រាប់ប្រទេសចិនក្នុងការចូលទៅកាន់សមុទ្រជ្រៅ ការរុករកក្នុងសមុទ្រជ្រៅ និងការអភិវឌ្ឍក្នុងសមុទ្រជ្រៅ ហើយជាសមិទ្ធផលដ៏សំខាន់មួយទៀតក្នុងការកសាងប្រទេសខ្លាំងក្លាផ្នែកសមុទ្រ និងប្រទេសខ្លាំងក្លាផ្នែកវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា។

គេហទំព័រ «CCFR China state-controlled media » លោក Xi Jinping បានសង្កត់ធ្ងន់ថា សង្ឃឹមថាអ្នកទាំងអស់គ្នានឹងពង្រឹងការច្នៃប្រឌិតវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាផ្នែកសមុទ្រ ពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសមុទ្រអន្តរជាតិ ក្នុងន័យរួមចំណែកកាន់តែច្រើនក្នុងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន និងជំរុញការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ៕

ដោយ ៖ សិលា


ចែករំលែក៖