ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិក បារាំង អង់គ្លេស…អនុញ្ញាតឱ្យអ៊ុយក្រែនប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួនវាយប្រហាររុស្សុី

ចែករំលែក៖

សកម្មភាពខាងលើរបស់ប្រទេសលោកខាងលិច ជាការចាប់ផ្តើមនៃសង្គ្រាមលោកលើកទីបី ហើយជាការប្រឈមមុខដោយផ្ទាល់រវាងរុស្ស៊ីនិង អាមេរិក អឺរ៉ុប ។ នៅពេលនេះសមាជិកសភារុស្ស៉ី ព្រមានថា រដ្ឋបាលលោក បៃដិន កំពុងបង្កើនហានិភ័យសង្រ្គាមលោក តាមរយៈការបើកដៃឱ្យអ៊ុយក្រែន ប្រើមីស៉ីលវាយប្រហារជ្រៅចូលដីរុស្ស៉ី។

សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នាថ្ងៃចន្ទនេះ សមាជិកសភារុស្ស៉ីមួយរូប បាននិយាយថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ហាក់កំពុងបង្កើន ហានិភ័យសង្រ្គាមលោកលើកទី៣ ប្រសិនបើពិតជាបានសម្រេចចិត្ត អនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធអាមេរិក វាយប្រហារជ្រៅចូលក្នុងទឹកដីរុស្ស៉ីមែននោះ។
សមាជិកសភារុស្ស៉ី អ្នកស្រី Maria Butina បានលើកឡើងថាដូច្នេះថា «រដ្ឋបាលលោក បៃដិន កំពុងតែព្យាយាមបង្កើនកម្តៅ នៃស្ថានការណ៍ឱ្យដល់កម្រិតអតិបរមា ស្របពេលដែលខ្លួនបន្តមានអំណាចក្នុងដៃនៅឡើយ។ ខ្ញុំសង្ឃឹមថា លោក ដូណាល់ ត្រាំ នឹងអាចជម្នះការសម្រេចចិត្តនេះវិញ ប្រសិនបើការអនុញ្ញាត ពិតជាត្រូវបានធ្វើឡើងមែន ព្រោះថា វាកំពុងបង្កើនហានិភ័យជាខ្លាំង នៃការផ្ទុះឡើងនូវសង្រ្គាមលោកលើកទី៣ ដែលមិនមែនជារឿងល្អសម្រាប់ភាគីណាមួយឡើយ»។
កាលពីថ្ងៃអាទិត្យ ទី១៧ ខែវិច្ឆិកា ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើមន្រ្តីអាមេរិក២រូប និងប្រភពមួយផ្សេងទៀត បានរាយការណ៍ថា រដ្ឋបាលលោក បៃដិន បានសម្រេចចិត្តអនុញ្ញាតឱ្យអ៊ុយក្រែន អាចវាយប្រហារចូលជ្រៅក្នុងទឹកដីរបស់រុស្ស៉ី ជាមួយសព្វាវុធដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក។ រីឯសារព័ត៌មាន The New York Times ក៏បានរាយការណ៍ដូចគ្នាផងដែរ ខណៈវិមានក្រឹមឡាំងរុស្ស៉ី មិនទាន់ចេញមុខធ្វើការអត្ថាធិប្បាយនៅឡើយទេ ជុំវិញរឿងនេះ។
កាលពីខែកញ្ញា ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់បាននិយាយថា ការអនុញ្ញាតពីសំណាក់លោកខាងលិច ឱ្យអ៊ុយក្រែនប្រើប្រាស់អាវុធរបស់ពួកគេ វាយប្រហារជ្រៅចូលមកក្នុងទឹកដីប្រទេសរុស្ស៉ី គឺនឹងស្មើមានន័យថា ជាការចូលរួមដោយផ្ទាល់របស់ប្រទេសអង្គការ NATO សហរដ្ឋអាមេរិក ក៏ដូចជាអឺរ៉ុប នៅក្នុងសង្រ្គាមអ៊ុយក្រែន ជាក់ជាមិនខាន។ ចំណែក កាលពីចុងខែតុលា លោក ពូទីន បាននិយាយថា ក្រសួងការពារជាតិរុស្ស៉ី កំពុងពិចារណាលើមធ្យោបាយផ្សេងៗគ្នា ដើម្បីឆ្លើយតបប្រសិនបើអាមេរិកនិងសម្ព័ន្ធមិត្ត NATO សម្រេចចិត្តជួយអ៊ុយក្រែន វាយប្រហារចូលជ្រៅក្នុងដីរុស្ស៉ី ដោយប្រើសព្វាវុធលោកខាងលិច៕ ដោយ៖ ធីរីណា

រូប​ថត​៖ tienphong


ចែករំលែក៖