ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបក្រុម អ្នកលេងរហស្សនាម DP Zin (ដើមពោធិ៍) ពាក់ព័ន្ធដេញកាប់យុវជន២នាក់បណ្តាលឱ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ចែករំលែក៖

ភ្នំពេញ៖ សមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ស្នងការនគរបាលរាជធានីភ្នំពេញសហការជាមួយ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវ រហូតឃាត់ខ្លួនបានចំនួន១៥នាក់ ក្រោយពីបានធ្វើសកម្មភាពដេញកាប់ទៅលើយុវជនម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ កាលពីវេលាម៉ោង១១និង៥០នាទី​ យប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤​ នៅតាមផ្លូវស្ថិតនៅក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ។ 

ប្រតិបត្តិការ ខាងលេីធ្វេីឡេីងនៅវេលាម៉ោង៣រសៀលថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅចំណុច កន្លែងបុកប៊ីយ៉ា មួយកន្លែង ស្ថិតក្នុងភូមិ ថ្មគោល២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

សមត្ថកិច្ចបានឱ្យដឹងថា ក្រុមនេះតែងតែធ្វើសកម្មភាព កាត់សាញ (ជិះដើរកាប់លេង) ហើយក្រុមនេះ មានមេបក្សម្នាក់ ឈ្មោះ អាម៉ាប់ធំ (ឃាត់ខ្លួន) ជាអ្នកដឹកនាំ និងរក្សាទុកអាវុធ ។ និងបក្សពួកចំនួន១៤នាក់ ទៀតពុំទាន់ស្គាល់អត្តសញ្ញាណនោះទេ  ព្រោះសមត្ថកិច្ចកំពុងសាកសួរបន្ថែម។

សមត្ថកិច្ចបានឲ្យដឹងបន្តទៀតថា កាលពីវេលាម៉ោង១១និង៥០នាទីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខណៈយុវជនរងគ្រោះ២នាក់កំពុងជិះម៉ូតូម៉ាកហុងដាZoomer-X ១គ្រឿងឌុបគ្នា នៅតាមផ្លូវស្ថិតនៅក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្រាប់តែក្រុមបងធំខាងលើមានគ្នាច្រើននាក់ ជិះម៉ូតូច្រើនគ្រឿងដេញកាប់ ជាហេតុធ្វើឲ្យជនរងគ្រោះភ័យ បានជិះម៉ូតូរត់ជ្រុលទៅបុកបង្គោលភ្លើង បណ្ដាលឲ្យស្លាប់ម្នាក់និងរងរបួសធ្ងន់ម្នាក់ បន្ទាប់មកក្រុមជនពាលទាំងនោះបាននាំគ្នាគេចខ្លួនបាត់អស់ ។

លុះនៅរសៀលថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ ២០២៤ នេះកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បានធ្វើការកំណត់មុខសញ្ញា និងទីតាំងលាក់ខ្លួនក្រុមបងធំនេះ ទើបឈានដល់ការឡោមព័ទ្ធឃាត់ខ្លួនបាន១៥នាក់ ក្នុងនោះស្រីម្នាក់ និងដកហូតបានម៉ូតូជាង១០គ្រឿង រួចបញ្ជូនទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕

ដោយ ៖ សុខាសែនជ័យ


ចែករំលែក៖