ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋរស់នៅខណ្ឌដង្កោ លើកពីកង្វល់របស់ខ្លួនឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយ ពន្លឿនប្រគល់ប្លង់កម្មសិទ្ធិដីធ្លី សុំតបណ្តាញទឹកស្អាត ធ្វើផ្លូវ ការលិចលង់ជំនន់ទឹកភ្លៀង និងសុំស្តារប្រព័ន្ធលូ

ចែករំលែក៖

ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅខណ្ឌដង្កោចំនួន៥រូប បានលើកឡើងពីកង្វល់របស់ខ្លូនមួយចំនួន ដើម្បីឱ្យអាជ្ញាធររាជធានីភ្នំពេញ ជួយដោះស្រាយដែលមានទាំងការសុំពន្លឿន នៃការប្រគល់ប្លង់កម្មសិទ្ធិ ដីធ្លីការសុំតបណ្តាញទឹកស្អាតចូល សុំធ្វើផ្លូវ,ដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនិងស្នើសុំការស្តារប្រព័ន្ធលូជាដើម ។

    ការស្នើសុំពីសំណាក់ពលរដ្ឋនេះបានធ្វើឡើង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានី អាណត្តិទី៤ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្ដម ឯក ឃុនដឿន អភិបាល រងរាជធានី តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឯកឧត្ដមឧត្ដមសេនីយ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស,មេបញ្ជាការកងរាជ អាវុធ ហត្ថរាជធានីភ្នំពេញនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ នៅសាលាខណ្ឌដង្កោ។

  ក្នុងវេទិកានោះ ប្រជាពលរដ្ឋនៅសង្កាត់ក្រាំងពង្រ បានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញ ពន្លឿនការប្រគល់ប្លង់កម្មសិទ្ធិដីធ្លីជាលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋឱ្យបានលឿន។ ប្រជាពលរដ្ឋនៅសង្កាត់កាំងពង្រដូចគ្នាបានស្នើឱ្យអាជ្ញាធររាជធានីភ្នំពេញជួយអន្តរាគន៍ តបណ្តាញទឹកស្អាតចូលក្នុងបុរីសាំលែន។ សុំធ្វើផ្លូវ២ខ្សែ,សុំដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងនិងស្នើសុំការស្តារលូ នៅបឹងតាម៉ាត ជាមួយនិងការសុំផ្តល់ព័ត៌មានជុំវិញ គម្រោងសាងសង់ស្ថានីយ៍បូមទឹកបឹងតាម៉ាតជាដើម។

   ឯកឧត្ដមឯក ឃុន ដឿន មានប្រសាសន៍ថា៖ មានប្រជាពល៥នាក់បានលើកឡើងជាសំណើរនិងសំពរផ្ទាល់មាត់និង៥២ច្បាប់ជាលាយលក្ខអក្សដាក់ចូលក្នុងប្រអប់សំបុត្រ។ រាល់សំណើនិងសំណូមពរផ្ទាល់មាត់របស់ប្រជាពលរដ្ឋ យើងបានដោះស្រាយជូនភ្លាមៗ ចំពោះអ្វីដែលមិនទាន់ដោះស្រាយបាន ហើយចំពោះបងប្អូនប្រជាពលរដ្ឋដែលបានស្នើឡើងជាលាយលក្ខណ៍អក្សរ ដាក់ចូលក្នុងប្រអប់សំបុត្រ រដ្ឋបាលរាជធានីភ្នំពេញ នឹងយកមកដោះស្រាយពេលក្រោយ។

    ចំពោះប្រជាពលរដ្ឋ ដែលសុំការផ្តល់ព័ត៌មានជុំវិញ គម្រោងសាងសង់ស្ថានីយ៍បូមទឹកបឹងតាម៉ាត ឯកឧត្ដមឯក ឃុនដឿន បានបញ្ជាក់ថា ពាក់ព័ន្ធការងារនេះ មន្ត្រីជំនាញ់បានចុះសិក្សាហើយ ដោយតាមគម្រោងនោះ គឺប៉ះដីមានកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ។ពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្វែងរកទិញដី ដើម្បីសាងសង់ស្ថានីយនេះហើយ។

  ឯកឧត្ដម ឯក ឃុនដឿន បានលើកឡើងទៀតថា៖ ប្រជា ពលរដ្ឋនៅខណ្ឌដង្កោសំណាងណាស់ដោយបានទទួលកាដូដ៏ធំមួយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នោះគឺ ការផ្តល់គម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន រំដោះទឹកចេញពីរាជធានីភ្នំពេញ ពិសេសនៅខណ្ឌដង្កោនេះតែម្តង នៅឆ្នាំ២០២៧អ្នកដង្កោនឹងអស់ការព្រួយបារម្ភពីការលិចលង់ទៀត។

    ឯកឧត្ដម ម៉ប់ សារិន បានលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះធ្វើឡើងក្នុង១ឆ្នាំម្តង ក្នុងត្រីមាសទី៤ ពោលគឺនៅក្នុងខែ តុលា វិច្ឆិកា និងខែធ្នូ សំរាប់ខណ្ឌនីមួយៗត្រូវធ្វើឡើងនៅមិថុនា រាល់ឆ្នាំ ហើយឆ្នាំនេះខណ្ឌបានធ្វើរួចរាល់ហើយ ។

    វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នេះ ប្រជាពលរដ្ឋអាចលើកឡើងនូវសំណើរសំណូមពរចំនួន៤បញ្ហា ដើម្បីឱ្យអាជ្ញាធរជួយអន្តរាគមន៍ ដែលក្នុងនោះរួមមាន៖ ទី១បញ្ហាសន្តិសុខ គ្រឿងញៀន ល្បែង ស៊ីសងចោរលួចប្លន់ ពិសេស គោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។២-ការអភិវឌ្ឍមូលដ្ឋាន ផ្លូវ.ទឹក.ភ្លើង .ប្រព័ន្ធលូជាដើម។៣ .បរិស្ថាន សុខ មាលភាពសង្គម ការបំរើសេវាសុខាភិបាលនិងទី៤ ការផ្តល់សេវាសាធារណៈ នៅថ្នាក់ខណ្ឌដែលអាជ្ញាធរបានផ្តល់ជូន បានល្អហើយឬនៅ មានអំពើពុករលួយ នៃការផ្តល់សេវានេះទេ។

   ឯកឧត្ដម ម៉ប់ សារិន បានបញ្ជាក់ទៀតថា គោលបំណងរបស់វេទិកានេះ គឺចង់ស្តាប់ពីការចង់បានរបស់ប្រជាពលរដ្ឋ ដើម្បីយើងបានដឹង ហើយដោះស្រាយជូន។ ដូច្នេះលោកសំណូមពរថា អ្វីជាកង្វល់របស់ប្រជាពលរដ្ឋ មន្ត្រីជំនាញរបស់យើងនីមួយៗ ត្រូវបកស្រាយបានឱ្យច្បាប់លាស់ ដើម្បីប្រជាពលរដ្ឋលោកបានយល់៕

ដោយ ៖ សំរិត


ចែករំលែក៖