ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីផលិត «ជំរកចល័ត» ដែលអាចទប់ទល់នឹងការវាយប្រហារនុយក្លេអ៊ែរ

ចែករំលែក៖

សារព័ត៌មាន រ៉យទ័របានផ្សាយថា ប្រទេសរុស្ស៊ីបានចាប់ផ្តើមផលិតជម្រកចល័តដ៏ធំដែលការពារពីការគំរាមកំហែងផ្សេងៗ រួមទាំងរលកឆក់ និងវិទ្យុសកម្មពីការផ្ទុះនុយក្លេអ៊ែរ។
យោងតាមវិទ្យាស្ថានស្រាវជ្រាវក្រោមក្រសួងគ្រាអាសន្នរបស់រុស្ស៊ី ហេដ្ឋារចនាសម្ព័ន្ធ KUB-M អាចធានាឱ្យមនុស្សមានសុវត្ថិភាពរហូតដល់ 48 ម៉ោង ក្នុងករណីមានការផ្ទុះនុយក្លេអ៊ែរ គ្រាប់ផ្លោងពីអាវុធធម្មតា និងកម្ទេចកម្ទីពីសំណង់ ភ្លើង និងសារធាតុគីមីគ្រោះថ្នាក់។
ជម្រកនេះប្រហាក់ប្រហែលនឹងធុងពង្រឹង ដែលមានម៉ូឌុលសំខាន់ពីរ៖ បន្ទប់បច្ចេកទេសនិងបន្ទប់ដែលអាចផ្ទុកមនុស្សបាន 54 នាក់។ ហេដ្ឋារចនាសម្ព័ន្ធអាចដំឡើងម៉ូឌុលបន្ថែមបានយ៉ាងងាយស្រួលដើម្បីបង្កើនសមត្ថភាព។
វិទ្យាស្ថានស្រាវជ្រាវបាននិយាយថា KUB-M អាចដាក់នៅលើឡានដឹកជញ្ជូន ដោយភ្ជាប់ទៅនឹងការផ្គត់ផ្គង់ទឹក និងទប់ទល់នឹងអាកាសធាតុដ៏អាក្រក់នៅក្នុងតំបន់ទឹកកកដ៏ធំនៅភាគខាងជើងនៃប្រទេស។
ព័ត៌មានដែលជំរកចល័តដែលផលិតដោយរុស្ស៊ីបានកើតឡើងបន្ទាប់ពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកលោក Joe Biden បានអនុញ្ញាតឱ្យអ៊ុយក្រែនប្រាស់អាវុធរយៈចម្ងាយឆ្ងាយដែលខ្លួនបានផ្តល់ដើម្បីវាយប្រហារយ៉ាងជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដែលជាទង្វើដែលទីក្រុងម៉ូស្គូបានគំរាមឆ្លើយតបយ៉ាងខ្លាំង (អាចជាមួយ អាវុធនុយក្លេអ៊ែរ) ។
កាលពីថ្ងៃទី ១៩ ខែវិច្ឆិកា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអនុម័តលើការធ្វើបច្ចុប្បន្នភាពគោលលទ្ធិនុយក្លេអ៊ែរថ្មី ដោយអនុញ្ញាតឱ្យមានការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើប្រទេសនេះត្រូវបានវាយប្រហារដោយការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំ។ គោលលទ្ធិនេះបញ្ជាក់ថា គោលនយោបាយរារាំងរបស់ប្រទេសគឺការពារតែប៉ុណ្ណោះ ដែលការប្រើប្រាស់អាវុធនុយក្លេអ៊ែរគឺជាវិធានការ “ចាំបាច់ និងចុងក្រោយ”៕

ដោយ៖ ធីរីណា(រូប​ថត​៖ 1thegioi)


ចែករំលែក៖