ភ្នំពេញ ៖ ពិតជាមិនគួរសោះ ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផងកីឡាករនុប តុលា បានទទួលមរណភាពហើយ សង្ស័យមានជំងឺផ្លូវចិត្ត។
អ្នកគាំទ្របាល់ទាត់កម្ពុជានិងមហាជនមានការសោកស្ដាយជាខ្លាំង ក្រោយទទួលដំណឹងមរណភាពរបស់កីឡាករនុប តុលា កីឡាករបាល់ទាត់កម្ពុជាដែលជាអតីតលេងជាខ្សែប្រយុទ្ធឆ្នើមឱ្យក្លិបបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀង និងក្លិបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ។
សាកសពរបស់កីឡាករនុប តុលា ត្រូវបានរកឃើញហើយ នេះបើតាមការបញ្ជាក់របស់លោកគ្រូស៊ុំ វណ្ណា នៅព្រឹកថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ។
គួរជម្រាបថា ក្រោយបាត់ខ្លួនអស់រយៈពេល២យប់ លោកគ្រូស៊ុំ វណ្ណា បានធ្វើការប្រកាសពីមរណភាពរបស់កីឡាករនុប តុលា ដោយបានរៀបរាប់ថា «សោកស្ដាយណាស់ក្នុងនាមជាគ្រូ និងកីឡាករដ៏ល្អម្នាក់ សូមវិញ្ញាណក្ខន្ធ លោកណុប តុលាបានទៅដល់សុគតិភព RIP ” ។
ចំណែកក្រុមហ៊ុន Cambodian Premier League ក៏បានធ្វើការចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះក្រុមគ្រួសាររបស់កីឡាករ នុប តុលា និងក្លឹបបាល់ទាត់សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃដូចគ្នា ។
គួរជម្រាបថា កាលពីយប់ថ្ងៃទី១៨ វិច្ឆិកា ២០២៤ កន្លងទៅនេះ កីឡាករនុប តុលា បានធ្វើការបង្ហោះសារមួយនៅលើបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយបានសរសេររៀបរាប់ថា ” ខ្ញុំសោកស្ដាយអ្វីដែលខ្ញុំធ្វើខ្ញុំកែខ្លួនលែងបានហើយ លក់ទាំងឈ្មោះលក់ទាំងកេរ្តិ៍ឈ្មោះខ្លួនឯងនិងគ្រួសារ ពេលនេះខ្ញុំលាអ្នកទាំងអស់គ្នាហើយ សុំទោសប្រពន្ធសម្លាញ់និងកូន ប៉ា ម៉ាក់ ” ។ ក្រោយពីការបង្ហោះនោះ នៅយប់ថ្ងៃទី១៨ វិច្ឆិកា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល គេបានប្រទះឃើញស្បែកជើងនិងម៉ូតូរបស់កីឡាកររូបនេះនៅលើស្ពានព្រែកសំរោងក្រោយពីការបាត់ខ្លួន ក្រុមគ្រួសារ និងភរិយា បានធ្វើការប្រកាសស្វែងរក លុះដល់ព្រឹកថ្ងៃទី ២០ វិច្ឆិកា ២០២៤នេះ ទើបបានរកសាកសពឃើញ ។
សូមជម្រាបថា អតីតកីឡាកររបស់ក្លិបណាហ្គាវេីល កីឡាករណុប តុលា កើតនៅក្នុងថ្ងៃទី០១ ខែតុលា ឆ្នាំ ១៩៩៦ ។កីឡាករ នុប តុលា បានចូលប្រឡូកក្នុងវិស័យកីឡាបាល់ទាត់ដោយធ្វើជាយុវជនរបស់ក្លិបបាល់ទាត់ព្រះខ័នរាជ្យស្វាយរៀងនៅឆ្នាំ២០១១។ រូបគេត្រូវបានដំឡើងឲ្យមកលេងក្នុងក្រុមឈុតធំនៅឆ្នាំ២០១៣ រហូតដល់ឆ្នាំ២០២០ ។ តុលា បានជួយឲ្យក្លិបមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះ លើកពានលីគកំពូលចំនួនពីរលើកនៅឆ្នាំ២០១៣ និង២០១៩ និងគ្រងជើងឯកពានសម្តេច ហ៊ុន សែន ពីរលើកនៅឆ្នាំ២០១៥ និង២០១៧ និងរងជើងឯកនៅឆ្នាំ២០១៦ និង ២០១៩។
កីឡាកររូបនេះមានស្រុកកំណើតនៅរាជធានីភ្នំពេញ បានក្លាយជាសមាជិកក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម១៦ឆ្នាំនៅឆ្នាំ២០១១ ហើយបានក្លាយជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម១៩ឆ្នាំនៅឆ្នាំ២០១៣ និងជាសមាជិកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ នៅឆ្នាំ ២០១៥ ៕
ដោយ៖ ជ្រោយពេជ្រ