ព័ត៌មានទាន់ហេតុការណ៍៖

កុមារបានក្លាយជាឧបករណ៍សម្រាប់វាយប្រហារគ្រាប់បែកអត្តឃាត

ចែករំលែក៖

6381c4536b604a459423230f8af9e997_1

 

ជនវាយប្រហារគ្រាប់បែកអត្តឃាត បានបំផ្ទុះគ្រាប់បែកដែលលាក់ទុកនៅក្នុងអាវក្នុងពិធីជប់លៀងរបស់ជនជាតិឃើដនៅភាគអាគ្នេយ៍ប្រទេសទួរគីគឺជាកុមារ ទើបតែមានអាយុ១២ឆ្នាំប៉ុណ្ណោះមកពី ក្រុមអ៊ិស្លាមIS ។

ការបំផ្ទុះគ្រាប់បែកនោះបានសម្លាប់ មនុស្ស៥១នាក់ធ្វើឲ្យមតិសាធារណៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែជាស្នាដៃរបស់កុមារម្នាក់។ ក្រុមIS និងក្រុមភេរវកម្មនានាបានប្រើប្រាស់កុមារធ្វើជា ឧបករណ៍វាយប្រហារគ្រាប់បែកអត្តឃាត ដែលមានប្រសិទ្ធភាពបំផុត។

តាមរបាយការណ៍របស់អង្គការ UNICEF បានឲ្យដឹងថា ក្រុមភេរវកម្ម ដែលប្រើប្រាស់កុមាវាយប្រហារច្រើនជាងគេបំផុតនោះគឺក្រុមបូកូហារ៉ាមដែលបានប្រើប្រាស់កុមារសម្រាប់វាយប្រហារអត្តឃាតច្រើនជាងគេបំផុតក្នុងចំណោមក្រុមភេរវកម្មអត្តឃាត។ UNICEF បាន បញ្ជាក់ទៀតថា ១/៥នៃការវាយប្រហារ របស់ក្រុមបូកូហារ៉ាមនៅក្នុងប្រទេសនីហ្សេ រីយ៉ា, កាមេរូន និងឆាដគឺជាស្នាដៃរបស់ កុមារ។ ជួនកាលកុមារបានបំពាក់គ្រាប់បែក អត្តឃាតដោយមានការបញ្ជាពីចម្ងាយទុកឲ្យកុមារទាំងនោះចូលទៅកាន់ហ្វូងមនុស្ស រួចបញ្ជាឲ្យផ្ទុះដោយមិនដឹងខ្លួន។

ប៉ុន្មានខែចុងក្រោយនេះក្រុមភេរវជនរដ្ឋ អ៊ិស្លាមបានបង្កើនការវាយប្រហារនៅទួរគីច្រើន។ ជាក់ស្តែងយើងឃើញមានភេរវ កម្មនៅអាកាសយានដ្ឋានអុីស្តង់ប៊ូលកាល ពីខែមិថុនាដែលបានសម្លាប់មនុស្ស៤៤ នាក់។ ដ្បិតថា ភេរវកម្មនេះរួមទាំងភេរវ កម្មផ្សេងៗទៀតមិនត្រូវបានក្រុមរដ្ឋអ៊ិស្លាម ប្រកាសផ្លូវការថា ជាស្នាដៃរបស់ក្រុមខ្លួន ក៏ក្រុមនេះមិនបានបដិសេធការចោទប្រកាន់ ដែរ។

មូលហេតុមួយទៀតភេរវកម្មនៅទួរគីយប់មិញកើតឡើងនៅភាគអាគ្នេយ៍ទីក្រុងហ្កាស្យានតេបជាប់ព្រំដែនជាមួយស៊ីរី។ ជនភៀសខ្លួនស៊ីរីដែលគេចពីហិង្សាសង្គ្រាម ជាង៥ឆ្នាំមកនេះក៏បាននាំគ្នាភៀសចូល កាត់តាមក្រុងហ្កាស្យានតេបនៅទួរគីនេះដែរ។ ក្រៅពីមានជនភៀសខ្លួន និងក្រុម ប្រឆាំងគួដឌីស្ថានតំបន់ហ្កាស្យានតេបក៏អាចសំបូរក្រុមជីហាដច្រើនផ្តុំគ្នារស់នៅដែរ។ នេះហើយជាបញ្ហាក្តៅ។

អ្នកកាសែតមួយរូបដែលបានទៅដល់ហា្កស្យានតេបប្រាប់ថា ក្រុមជីហាដរដ្ឋ អ៊ិស្លាមមានសកម្មជនខ្លះនៅហ្កាស្យានតេប។ ម្លេ៉ះហើយ ទើបលោកអ៊ែរដូហ្កានហ៊ានសង្ស័យក្រុមភេរវជនរដ្ឋអ៊ិស្លាមថា ធ្វើ ភេរវកម្មកាលពីយប់មិញនេះ។

មូលហេតុសំខាន់មួយទៀតគឺថា ភាគអាគ្នេយ៍ទួរគីសំបូរសហគមន៍គួដឌីស្ថាន រស់នៅ។ នៅស៊ីរីក្បែរនោះកងកម្លាំងគួដឌីស្ថានជាមិត្តអាមេរិកបានប្រយុទ្ធយ៉ាងស្វិតស្វាញប្រឆាំងក្រុមជីហាដរដ្ឋអ៊ិស្លាម។ ដូច្នេះ សហគមន៍គួដឌីស្ថានជាសត្រូវសំខាន់របស់ ក្រុមភេរវជនរដ្ឋអ៊ិស្លាមដែរ។ ទាំងនេះសុទ្ធតែជាមូលហេតុដែលអាចឲ្យគេចោទក្រុម រដ្ឋអ៊ិស្លាមថា បង្កភេរវកម្មកាលពីយប់មិញ នេះ។

លោក អ៊ែរដូហ្កាន លើកឡើងដែរថា ភេរវកម្មយប់មិញធ្វើឡើងក្នុងទិសដៅធ្វើឲ្យ សហគមន៍ជាតិពិន្ធុផ្សេងៗនៅទួរគីជួបភាព តានតឹងនឹងគ្នា។

នៅពេលនេះក្រុមអ៊ិស្លាមIS បានរក្សាការប្រើប្រាស់ទាហានកុមារធ្វើជាឧបករណ៍ សម្រាប់ការវាយប្រហារទៅលើគោលដៅនានាជុំវិញពិភពលោក ពិសេសគឺនៅតំបន់ អឺរ៉ុបតែម្តង។ មិនត្រឹមតែប៉ុណ្ណោះក្រុមនេះបានហ្វឹកហាត់កុមារសម្រាប់វាយប្រហារសម្លាប់មេដឹកនាំសំខាន់ៗនៅជុំវិញពិភពលោកផងដែរ។

ហេតុអ្វីបានជាក្រុមភេរវកម្មមិនខ្លាចស្លាប់បង្កប់គ្រាប់បែកនៅក្នុងខ្លួនបំផ្ទុះសម្លាប់ ខ្លួនឯងនិងអ្នកដទៃ?

ហេតុការណ៍វាយប្រហារគ្រាប់បែកអត្ដឃាតរយៈពេលកន្លងមកបានសម្លាប់ មនុស្សរាប់រយនាក់។ ប៉ុន្ដែនៅមានមនុស្ស ជាច្រើនងឿងឆ្ងល់ថា ហេតុអ្វីភេរវករក៏ជា មនុស្សដែរ ម្ដេចមិនខ្លាចស្លាប់ដោយឱបគ្រាប់បែកបំផ្ទុះខ្លួនឯងគ្មានសល់សាកសពយ៉ាងដូច្នេះ?

កាលពីខែតុលា ឆ្នាំ២០១៥ ភេរវករ វាយប្រហារគ្រាប់បែកអត្ដឃាត២នាក់បានបំផ្ទុះគ្រាប់បែកនៅមុខស្ថានីយរថភ្លើង សម្លាប់មនុស្សដល់ទៅជាង១០០នាក់ក្នុងទីក្រុងអង់ការ៉ា ប្រទេសទួរគី។ កាលពីខែ វិច្ឆិកា ឆ្នាំ២០១៥ ក្រុមភេរវករបានបើកការវាយប្រហារបាញ់រះនៅទីក្រុងប៉ារីស ប្រទេស បារាំង សម្លាប់មនុស្ស១៣០នាក់។ នៅថ្ងៃ ទី២២ ខែមីនា មានករណីវាយប្រហារគ្រាប់ បែកដល់ទៅ៣លើកនៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្ស៊ិកសម្លាប់មនុស្ស៣១នាក់ និងជាង១០០នាក់រងរបួស។

ការវាយប្រហារទាំងនោះគឺជាស្នាដៃ របស់ក្រុមអ៊ិស្លាមបង្កើតរដ្ឋ។ កាលពីថ្ងៃទី ២៧ ខែមីនា ក៏មានការវាយប្រហារគ្រាប់បែកអត្ដឃាតសម្លាប់មនុស្សដល់ទៅ៦៩នាក់ និងជាង៣០០នាក់ទៀតរងរបួស ភាគច្រើនជាស្ដ្រីនិងកុមារនៅក្នុងប្រទេសប៉ា គីស្ថាន។ ប៉ុន្ដែការវាយប្រហារនាពេលនោះជាស្នាដៃរបស់ក្រុមតាលីបង់នៅក្នុងប្រទេសប៉ាគីស្ថាន។

ការវាយប្រហារភេរវកម្មអត្ដឃាត មិនមែនទើបតែកើតឡើងនៅពេលនេះទេ គឺបានកើតឡើងជាយូរឆ្នាំមកហើយ។ តាម តួលេខបណ្ដោះអាសន្នរបស់អាមេរិកគិតចាប់តាំងពីការវាយប្រហារអត្ដឃាតទៅលើស្ថានទូតអាមេរិកនៅទីក្រុងបៃរូត ប្រទេសលីបង់ កាលពីខែមេសា ឆ្នាំ១៩៨៣ មកទល់ពេលនេះមានការវាយប្រហារអត្ដឃាតរហូតដល់ទៅ៤.៨០០ លើកនៅ ទូទាំងពិភពលោក។ ក្រោយការវាយ ប្រហារម្ដងៗតែងតែមានសំណួរជាច្រើនចោទសួរថា ហេតុអ្វីបានជាភេរវករមិនខ្លាចស្លាប់ ?

មានសំណួរពីរសំខាន់ៗបានសួរថា ហេតុអ្វីបានជាក្រុមភេរវករជ្រើសរើសការវាយប្រហារគ្រាប់បែកអត្ដឃាត? ហេតុអ្វីជនដែលបានជ្រើសរើសចូលក្នុងក្រុមបានត្រៀមខ្លួនដើម្បីស្លាប់?

មនុស្សជាច្រើនបានបញ្ជាក់ថា ក្រុម ខ្មាន់កាំភ្លើងជឿជាក់ថា ក្រោយការលះបង់ជីវិតដើម្បីសង្គ្រាមអាទិទេពនឹងបានឡើងទៅកាន់ឋានសួគ៌ជាទីកន្លែងដែលមានទេព អប្សរបរិសុទ្ធរហូតដល់ទៅ៧២នាក់កំពុងតែរង់ចាំនៅក្នុងវិមានដ៏ស្កឹមស្កៃ។ ប៉ុន្ដែការពិតនោះជាទស្សនៈខុសប៉ុណ្ណោះ។ នៅក្នុង គម្ពីគួរអានសាសនាអ៊ិស្លាមមិនបានសរសេរបែបនោះឡើយ ។

ជាមួយនឹងសំណួរខាងលើនេះមជ្ឈ មណ្ឌលស្រាវជ្រាវពីភេរវកម្មអត្ដឃាត CTD នៅអូស្ដ្រាលីបានប្រកាសថា ក្រុម អ៊ិស្លាមជ្រុលនិយមងប់ងុលនឹងអបិយ ជំនឿ ហើយត្រូវបានបញ្ចូលមនោគមន៍ដើម្បី ឱ្យបើកការវាយប្រហារ។ ប៉ុន្ដែការវាយ ប្រហារអត្ដឃាតកើតចេញពីមូលហេតុជាច្រើនតាំងពីនយោបាយដឹកនាំចិត្ដសាស្ដ្រជាដើម។

លោក Robert Page មកពីមហាវិទ្យា ល័យជីកាហ្គោ សហរដ្ឋអាមេរិក ផ្នែកស្រាវ ជ្រាវបានបញ្ជាក់ថា ការវាយប្រហារអត្ដឃាត បានកើតឡើងជាយូរណាស់មកហើយ ដូចជាការវាយប្រហាររបស់ក្រុមIS ទៅលើ បារាំង បែលហ្ស៊ិក ទួរគី។ល។ គឺជាការ សងសឹកទៅនឹងសកម្មភាពវាយប្រហារ ទៅលើក្រុមរបស់ខ្លួន៕ ម៉ែវ សាធី

 


ចែករំលែក៖