ភ្នំពេញ៖ យុវជនវៀតណាមនិងយុវជនកម្ពុជា(ស.ស.យ.ក) មានគម្រោងសាងសង់ មជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះ បណ្ដាលវិជ្ជាជីវៈជូនយុវជនកម្ពុជា និងកសាងអគារទីស្តីការ របស់ស.ស.យ.ក ដើម្បីទុកជានិមិត្តរូប បង្ហាញពីទំនាក់ទំនងសាមគ្គីភាពរឹងមាំរវាងប្រទេសទាំង២កម្ពុជា.វៀតណាម។
នេះតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្តម ង្វៀន មិញជៀត (Nguyen Minh Triet) លេខាគណៈមជ្ឈឹមសហភាពយុវជនកុម្មុយនីស្ត ហូជីមិញ និងជាប្រធានសហភាពនិស្សិតវៀតណាម ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ង្វៀន មិញជៀត បានមានប្រសាសន៍លើកឡើងថា៖ យុវជនវៀតណាមនិងយុវជនកម្ពុជា(ស ស យ ក) មានគម្រោងសាងសង់មជ្ឈមណ្ឌលមួយ ដើម្បីបណ្ដុះបណ្ដាលវិជ្ជាជីវៈជូនយុវជនកម្ពុជានិងកសាងអគារទីស្តីការរបស់ស ស យ ក គម្រោងនេះនឹងទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយើងអាចធ្វើកិច្ចការងារនេះឱ្យក្លាយជារូបរាង ដើម្បីទុកជានិមិត្តរូប បង្ហាញពីទំនាក់ទំនងសាមគ្គីរឹងមាំរវាងប្រទេសទាំង២ កម្ពុជានិងវៀតណាម។
ក្នុងឱកាសនោះដែរ ឯកឧត្តម ង្វៀន មិញជៀត ក៏បាន វាយតម្លៃ អំពីការអភិវឌ្ឍ រីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ។ ភាពរីកចម្រើន នៃទំនាក់ទំនងរវាងយុវជនកម្ពុជានិងយុវជននៃប្រទេសវៀតណាម។
ឯកឧត្តម ង្វៀន មិញជៀត បានបន្តថា៖ ការមកបំពេញទស្សនកិច្ចនៅកម្ពុជានាពេលនេះ ក្រុមយុវជនរបស់វៀតណាម បានពិភាក្សាការងារមួយចំនួនជាមួយយុវជនរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើននូវភាពរឹងមាំដើរ លឿនទៅមុខ។បន្ថែមពីនេះយើងបានដាក់គោលដៅសហប្រតិបត្តិការថ្នាក់មជ្ឈិមនិងបន្តកិច្ចសហប្រតិបត្តិការ នៅថ្នាក់មូលដ្ឋានបន្ថែមទៀត។យុវជនវៀតណាមនិងយុវជនកម្ពុជាបានប្រាស្រ័យទាក់ទងទំនាក់ទំនងគ្នាបានយ៉ាងល្អ។បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំប្រទេសកម្ពុជា ជាស្រទាប់យុវជនបន្តវេន ដែលមានសមត្ថភាពដែលយើងនឹងបន្តិចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា៖ កម្ពុជា និងប្រទេសវៀតណាមគឺជាអ្នកជិតខាងមានភូមិផងរបងជាមួយគ្នា យើងបានរួមសុខ រួមទុក្ខជាមួយគ្នាជាយូរណាស់មកហើយ។ កម្ពុជាក៏មានប្រវត្តិជួយទៅដល់ប្រទេសវៀតណាម ហើយប្រទេសវៀតណាមក៏មានប្រវត្តិជួយមកដល់កម្ពុជា ដូចគ្នា។ ប្រទេសយើងទាំង២ បានរួមសុខទុក្ខជាមួយគ្នា ហើយយើងនឹងបន្តការអភិវឌ្ឍ ប្រទេសរៀងៗខ្លួន ឱ្យមានការរីកចម្រើនដូចគ្នា ដោយប្រទេសវៀតណាមមានចក្ខុវិស័យ ធ្វើឲ្យប្រទេសរបស់ខ្លួនក្លាយជាប្រទេសអភិវឌ្ឍន៍ ក្លាយជាប្រទេសជាអ្នកមាននៅឆ្នាំ២០៤៥។ចំណែកឯប្រទេសកម្ពុជាយើងវិញក៏មានចក្ខុវិស័យធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេស អភិវឌ្ឍន៍ ក្លាយជាប្រទេសអ្នកមាននៅឆ្នាំ២០៥០។ ថ្នាក់ដឹកនាំជំនាន់មុន បានបន្សល់ទុកនូវអ្វីៗ ល្អជាច្រើនសម្រាប់យុវជនជំនាន់ក្រោយ ដើម្បីឱ្យយុវជនជំនាន់ក្រោយបន្តទំនាក់ទំនង សហប្រតិបត្តការកាន់តែមានភាពរឹងមាំបន្ថែមទៀត រវាងប្រទេសកម្ពុជានិងប្រទេសវៀតណាមទៅថ្ងៃអនាគត ៕
ដោយ ៖ សំរិត