ភំ្នពេញ៖ លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នារសៀលថ្ងៃពុធ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែវិច្ឆិកា និងទិសដៅការងារខែធ្នូ ឆ្នាំ២០២៤ របស់អង្គភាពអន្តរាគមន៍ តម្រួតបទបញ្ជា និងនគរបាលការពារ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ឯក សំ ស៊ីយ៉ាន ប្រធាននាយកដ្ឋាននគរបាលការពារ , លោកឧត្តមសេនីយ៍ឯក សែម សុតាន់ ប្រធានអង្គភាពអន្តរាគមន៍ , លោកឧត្តមសេនីយ៍ទោ ឆឹង កុមារ ប្រធាអង្គភាពតម្រួតបទបញ្ជា ,លោក-លោកស្រីអនុប្រធាននាយកដ្ឋាន-អង្គភាព លោកនាយ-នាយរងការិយាល័យ និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតផងដែរ ។
បន្ទាប់ពីបានស្តាប់សេចក្តីរាយការណ៍ស្តីពី លទ្ធផលប្រតិបត្តិការការពារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារបន្ត ខែធ្នូ ឆ្នាំ២០២៤ បញ្ហាប្រឈម និងសំណូមពររបស់នាយកដ្ឋាន-អង្គភាព ទាំង៣រួចមក លោកឧត្តមសេនីយ៍ឯក លន់ សុផាត អគ្គស្នងការរងនគរបាលជាតិ បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញការងាររបស់ថ្នាក់ដឹកនាំនាយកដ្ឋាន-អង្គភាព នាយការិយាល័យ និងមន្ត្រីក្រោមឱវាទ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការងារជំនាញ និងកិច្ចប្រតិបត្តិការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ជាពិសេសការការពារសុវត្ថិភាពជូនឥស្សរៈជនជាន់ខ្ពស់ ព្រឹទ្ធសភា រដ្ឋសភា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ស្ថានទូត និវេសនដ្ឋាន គោលដៅសំខាន់ៗ ពិធីបុណ្យជាតិ-អន្តរជាតិ កិច្ចប្រជុំពាក់ព័ន្ធ និងគណៈប្រតិភូជាតិ-អន្តរជាតិ មកបំពេញទស្សនៈកិច្ចនៅប្រទេសកម្ពុជា ប្រកបដោយជោគជ័យគួរជាទីមោទនៈ។
ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ឯក លន់ សុផាត មានប្រសាសន៍បន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលអាណាត្តិទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តដាក់ចេញនូវគោលនយោបាយកំណែទម្រង់លើគ្រប់វិស័យ រួមទាំងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដោយផ្តោតសំខាន់ទៅលើការធ្វើទំនើបកម្ម និងការពង្រឹងសមត្ថភាពវិជ្ជាជីវៈ នៃកងកម្លាំងគ្រប់ប្រភេទ ក្នុងបរិបទសកលភាវរូបនីយកម្ម និងការធ្វើសមាហរណកម្មកម្ពុជា ទៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ លោកអគ្គស្នងការរងបន្តថា ឆ្លងតាមការស្តាប់នូវរបាយការណ៍របស់នាយកដ្ឋាន-អង្គភាពទាំង៣ ពិនិត្យឃើញថា ថ្នាក់ដឹកនាំ រួមទាំងមន្ត្រីក្រោមឱវាទ បានខិតខំបំពេញភារកិច្ចបានយ៉ាងល្អប្រសើរ ទន្ទឹមនោះក៏នៅមានចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួន ដែលយើងត្រូវតែរួមគ្នាដោះស្រាយចំពោះមុខ ដើម្បីធានាដល់កិច្ចប្រតិបត្តិការតាមជំនាញនីមួយៗ ។
លោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ បានដាក់ចេញនូវទិសដៅបន្តដូចខាងក្រោម ៖
*១/-បន្តសហការជាមួយស្ថាប័ន នាយដ្ឋាន-អង្គភាព សមត្ថកិច្ចជំនាញពាក់ព័ន្ធ ដើម្បីធានាដល់កិច្ចសហប្រតិបត្តិការ ។
*២/-បន្តពង្រឹងការងារជំនាញ និងចូលរួមក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម ។
*៣/-បន្តចូលរួមអនុវត្តន៍ផែនការយុទ្ធសាស្ត្រ ផែនការសកម្មភាពរបស់សេនាធិការដ្ឋាន ។
*៤/-បន្តពង្រឹងអនុវត្តន៍គោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល ។
*៥/-ត្រៀមកម្លាំង ២៤ម៉ោងលើ២៤ម៉ោង រួមទាំង មធ្យោបាយ សម្ភារៈ ឧបករណ៍សម្រាប់ការពារចល័តក្នុងពិធីផ្សេងៗ និងអន្តរាគមន៍ឲ្យបានទាន់ពេលវេលា រាល់ហេតុការណ៍ដែលកើតឡើងដោយចៃដន្យ ។
*៦/-បន្តរៀបចំវគ្គបំប៉ន វគ្គបណ្តុះបណ្តាល តាមបណ្តាលនាយកដ្ឋាន-អង្គភាព ។
*៧/-បន្តសកម្មភាពអប់រំមន្ត្រីក្នុងអង្គភាព អំពីអនាម័យថែទាំសុខភាព រស់នៅស្អាត ហូប ស្អាត ដើម្បីបង្ការ និងការពារ ការឆ្លងរាលដាលនូវជម្ងឺឆ្លងផ្សេងៗ ។
*៨/-បន្តអនុវត្តការងារបញ្ចៀបចំណេះដឹងយេនឌ័រ ដល់បណ្តាលនាយកដ្ឋាន-អង្គភាព ។
*៩/-បន្តអនុវត្តតាមតួនាទីភារកិច្ចរបស់បណ្តាលនាយកដ្ឋាន-អង្គភាព និងបំពេញភារកិច្ច ផ្សេងៗទៀត ដែលសេនាធិការដ្ឋាន អគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃប្រគល់ឲ្យ៕
ដោយ៖ តារា