ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលពាក់ព័ន្ធ និងបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលហ្វីលីពីន ប្រទេសទាំងពីរនឹងសម្រេចបានលទ្ធផលការងារថ្មីៗបន្ថែមទៀតដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។
ការសន្យា និងការបង្ហាញក្ដីសង្ឃឹមដ៏ជឿជាក់នេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្នុងឱកាសដែល លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត ហ្វីលីពីនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួងមហាផ្ទៃ។
ក្នុងជំនួបនោះដែរ លោកអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងនូវការស្វាគមន៍ចំពោះ លោកស្រី ឯកអគ្គរដ្ឋទូត ហ្វីលីពីនប្រចាំកម្ពុជា ព្រមសហការី ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញមកជួបសម្ដែងការគួរសម នាពេលនេះ។ លោក ក៏បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកជំទាវ ឯកអគ្គរដ្ឋទូត ដែលបានខិតខំយកចិត្តទុកដាក់យ៉ាងសកម្មក្នុងការជំរុញ កិច្ចសហប្រតិបត្តិការ ចូលរួមពង្រឹង និងពង្រីកទំនាក់ទំនងការទូត រវាងប្រទេស កម្ពុជា និងហ្វីលីពីន។
ឆ្លៀតក្នុងឱកាសនេះ លោកអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ហ្វីលីពីន។
លោកស្រី Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត ហ្វីលីពីនថ្មី បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះភាពរីកចម្រើនរបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្តី និងដោយឡែក សមិទ្ធផលការងារក្នុងវិស័យមហាផ្ទៃ ក្រោមការដឹកនាំរបស់ លោកអភិសន្តិបណ្ឌិត ស សុខា នារយៈពេលជាងមួយឆ្នាំមកនេះ។ លោកស្រី ឯកអគ្គរដ្ឋទូត ហ្វីលីពីន ក៏បានកោតសរសើរ ដែលក្រសួងមហាផ្ទៃ តែងតែឆ្លើយតបនូវរាល់សំណើ របស់ស្ថានទូតហ្វីលីពីនផងដែរ៕
ដោយ ៖ សិលា