ភ្នំពេញ៖ ប្រជាជនកម្ពុជាកាន់តែច្រើនឡើងទទួលបានការសិក្សាភាសាចិនចាប់តាំងពីកុមាររហូតដល់មនុស្សពេញវ័យ ហើយក៏ទទួលបានឱកាសការងារជាច្រើនផងដែរពីការរៀនភាសាអន្តរជាតិមួយនេះ។
លោក ហង់ជួន ណារុនឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៃប្រទេសកម្ពុជា ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋខ្មែរឱ្យរៀនភាសាចិនផងដែរ ខណៈពេលបច្ចុប្បន្ននេះ ក្រសួងអប់រំកម្ពុជាកំពុងសាកល្បងបង្រៀនសាលារដ្ឋចំនួន២០ស្ថិតនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។
លោក ហេង ពិសិដ្ឋជាជនជាតិកម្ពុជាបច្ចុប្បន្នជាអ្នកបកប្រែភាសាចិនបានចាត់ទុកថា ការចេះភាសាចិនគឺមានភាពងាយស្រួលក្នុងការស្រាវជ្រាវ ស្រួលទំនាក់ទំនងជាមួយជនជាតិចិន និងមានឱកាសការងារច្រើន។
សំឡេង៖ « យើងដឹងហើយថា ប្រទេសចិនគឺជាប្រទេសធំ មានប្រជាជនច្រើន មានប្រវត្តិសាស្ត្រ និង វប្បធម៌ដ៏សម្បូរបែប។ បច្ចុប្បន្ននៅគ្រប់ប្រទេសលើពិភពលោកក៏មានជនជាតិចិនច្រើន។ ពេលខ្ញុំចេះភាសាចិន ខ្ញុំអាចប្រាស្រ័យទាក់ទងជាមួយជនជាតិចិនទូទាំងពិភពលោកយ៉ាងរលូន និងអាចស្វែងយល់ពីប្រវត្តិសាស្ត្រ វប្បធម៌នៃអរិយប្រទេសដ៏ចំណាស់នេះ។ ចំណុចសំខាន់មួយទៀត ដោយសារនៅកម្ពុជាមានក្រុមហ៊ុនសហគ្រាសចិនមកវិនិយោគជាច្រើន ធ្វើឱ្យខ្ញុំងាយស្រួលរកការងារធ្វើ ទទួលបានប្រាក់បៀវត្សខ្ពស់ ធ្វើឱ្យសេដ្ឋកិច្ចក្រុមគ្រួសារបានល្អប្រសើរ។»
ការសិក្សាភាសាចិនរបស់ប្រជាជនកម្ពុជាពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងប្រទេសទាំងពីរ។ មួយវិញទៀតចេះភាសាចិនពិតជាងាយស្រួលរកការងារធ្វើនៅតាមរោងចក្រសហគ្រាស ឬក្រុមហ៊ុនដែលវិនិយោគមកពីប្រទេសចិន ខណៈដែលភាសានេះក៏ជាភាសាអន្តរជាតិមួយកំពុងពេញនិយមលើសកលលោកផងដែរព្រោះថា ពីមួយថ្ងៃទៅមួយថ្ងៃប្រទេសចិនកាន់តែរីកចម្រើន និងកាន់តែមានអ្នកវិនិយោគកាន់តែច្រើនចេញទៅវិនិយោគនៅប្រទេសនានាទូទាំងសកលលោក៕
ប្រភព ៖ «CCFR China state-controlled media »